អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Anita Anand បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដាបានអនុញ្ញាត ឱ្យដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធកាណាដា (CAF) រហូតដល់ ២២៥ នាក់ ដើម្បីបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មី ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
លោក Anand បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្រោមប្រតិបត្តិការ UNIFIER ដែលជាបេសកកម្មបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយោធា របស់ប្រទេសកាណាដា នៅអ៊ុយក្រែន CAF នឹងដាក់ពង្រាយបុគ្គលិក ទៅកាន់ចក្រភពអង់គ្លេស ដោយបន្ថែមថា ពួកគេភាគច្រើននឹងធ្វើការជាគ្រូបង្វឹក សម្រាប់ការដាក់ពង្រាយដំបូងប្រហែល ៤ខែ។
រដ្ឋមន្ត្រីបានលើកឡើងថា ក្រុមហ្វឹកហ្វឺនដំបូង ក្នុងចំណោមក្រុមហ្វឹកហ្វឺនចំនួនបី ដែលមានទាហានប្រមាណ ៩០នាក់ គ្រោងនឹងចេញដំណើរ នៅថ្ងៃទី១២ ខែសីហា ហើយនឹងចាប់ផ្តើមវគ្គបណ្តុះបណ្តាល នៅសប្តាហ៍បន្ទាប់។
វគ្គសិក្សាដំបូងដែលដឹកនាំដោយកាណាដា នឹងប្រព្រឹត្តទៅនៅមូលដ្ឋានយោធា ដែលមានទីតាំងនៅភាគអាគ្នេយ៍ នៃប្រទេសអង់គ្លេស ហើយនឹងបង្រៀនកម្មវិធីសិក្សា ដែលអាចបត់បែនបានដែលផ្តោតលើជំនាញបុគ្គល ដែលត្រូវការសម្រាប់ការប្រយុទ្ធជួរមុខ រួមទាំងការគ្រប់គ្រងអាវុធ ជំនួយសង្គ្រោះដំបូងនៅសមរភូមិ យានវាល យុទ្ធសាស្ត្រល្បាត និងច្បាប់នៃជម្លោះប្រដាប់អាវុធនេះ បើតាមការចេញផ្សាយ។
ប្រតិបត្តិការ UNIFIER ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១៥ តាមសំណើរបស់រដ្ឋាភិបាលអ៊ុយក្រែន ហើយនៅដើមឆ្នាំនេះ ត្រូវបានពង្រីក និងបន្តរហូតដល់ខែមីនា ឆ្នាំ២០២៥។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ CAF បានបណ្តុះបណ្តាលទាហាន និងសន្តិសុខអ៊ុយក្រែនជាង ៣៣០០០ នាក់នៅក្នុងយុទ្ធសាស្ត្រសមរភូមិ និងកម្រិតខ្ពស់ជំនាញយោធា៕ ប្រែសម្រួល ឈូក បូរ៉ា