ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យបដិសេធ ស្តង់ដារទ្វេរ ក្នុងការមិនរីកសាយភាយ នុយក្លេអ៊ែរ

ប៉េកាំង៖ អ្នកការទូតចិនបានឲ្យដឹងថា សហគមន៍អន្តរជាតិគួរតែបដិសេធ ស្តង់ដារទ្វេរដង ក្នុងការមិនរីកសាយភាយ នុយក្លេអ៊ែរ ហើយប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរ ធំជាងគេគួរតែនាំមុខ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។

កិច្ចសហប្រតិបត្តិការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បង្កហានិភ័យនៃការរីកសាយភាយ នុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ លោក Fu Cong ប្រធានគណៈប្រតិភូចិនបានប្រាប់សន្និសីទ ត្រួតពិនិត្យលើកទី១០ នៃភាគីនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ (NPT) ។

លោក Fu ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិនបានលើកឡើងថា “អ្វីដែលគេហៅថា “ការចែករំលែកនុយក្លេអ៊ែរ” ដំណើរការផ្ទុយទៅនឹងបទប្បញ្ញត្តិរបស់ NPT និងបង្កើនហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ និងជម្លោះនុយក្លេអ៊ែរ។

លោកបានបន្ដថា “សហរដ្ឋអាមេរិក គួរតែដកអាវុធនុយក្លេអ៊ែរទាំងអស់ របស់ខ្លួនចេញពីអឺរ៉ុប ហើយបដិសេធមិនដាក់ពង្រាយ អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ផ្សេងទៀត” ។

លោកបានបន្ថែមថា រាល់ការប៉ុនប៉ង ដើម្បីចម្លងគំរូដែលគេហៅថា “ការចែករំលែកនុយក្លេអ៊ែរ” នៅអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើឱ្យខូចដល់ស្ថិរភាព ជាយុទ្ធសាស្រ្តក្នុងតំបន់ មានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ពីបណ្តាប្រទេសក្នុងតំបន់ និងប្រឈមមុខនឹងវិធានការ តបតយ៉ាងធ្ងន់ធ្ងរនៅពេលចាំបាច់។

នៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Fu បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធគួរតែរក្សាការប្តេជ្ញាចិត្ត ក្នុងការនាំយកកិច្ចព្រមព្រៀងនេះ ត្រឡប់មកវិញនៅដំណាក់កាលដំបូង តាមរយៈការចរចាការទូត។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែលុបចោលទាំងស្រុង នូវទណ្ឌកម្មខុសច្បាប់ ដែលពាក់ព័ន្ធរបស់ខ្លួនលើអ៊ីរ៉ង់ និងវិធានការយុត្តាធិការអាវុធវែង លើភាគីទី៣ ហើយផ្អែកលើមូលដ្ឋាននោះ អ៊ីរ៉ង់គួរតែត្រលប់ទៅការ អនុលោមតាមច្បាប់ពេញលេញ ជាមួយនឹងការប្តេជ្ញាចិត្ត នុយក្លេអ៊ែររបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top