ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសអាសន្នជំងឺអុតស្វា នឹងបង្កើនថវិកា ដើម្បីទប់ស្កាត់ជំងឺ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងខាភិបាល សហរដ្ឋអាមេរិកបានប្រកាសអាសន្នជំងឺអុតស្វា ដែលជាវិធានការណ៍មួយដែលរំពឹងថា នឹងបង្កើនថវិកា និងឧបករណ៍បន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងខណៈចំនួនករណីឆ្លងដល់ទៅ៦.៦០០ករណីនៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃពុធ ដែលស្ទើរតែទាំងអស់ក្នុងចំណោមបុរសដែលរួមភេទជាមួយបុរសដូចគ្នា ។

លោក Xavier Becerra លេខាធិការផ្នែកសេវាសុខភាព និងមនុស្ស បានលើកឡើងនៅក្នុងសន្និសីទខ្លីមួយថា “យើងត្រៀមខ្លួនដើម្បីទទួលយកការឆ្លើយតបរបស់យើងទៅកម្រិតបន្ទាប់ក្នុងការដោះស្រាយមេរោគនេះ ហើយយើងជំរុញឱ្យជនជាតិអាមេរិកគ្រប់រូបផ្តោតលើជំងឺអុតស្វានេះជារឿងសំខាន់បំផុត” ។

លោក Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា សេចក្តីប្រកាសនេះក៏នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទិន្នន័យជំងឺអុតស្វាផងដែរ ។

អង្គការសុខភាពពិភពលោកក៏បានហៅជំងឺអុតស្វានេះថា ជា “គ្រោះអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាអន្តរជាតិ” ដែលនេះជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន ។

សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីខែមុនត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិដែលសម្របសម្រួល និងអាចដោះស្រាយរាល់ការផ្តល់មូលនិធិដើម្បីសហការលើការចាក់វ៉ាក់សាំង និងការព្យាបាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top