ព័ត៌មានអន្តរជាតិ

ប៉ូលិសបង្ក្រាបជនឆបោក តាមអ៊ីនធើរណេត បានជាង៣០០នាក់ បោកអស់ប្រាក់ជនរងគ្រោះ អស់១១លានដុល្លារសិង្ហបុរី

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានបង្រ្កាបមនុស្សចំនួន៣៦២នាក់ ដែលគេជឿថា មានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ជាច្រើន ដែលបានបោកប្រាស់ជនរងគ្រោះ មានទឹកប្រាក់ចំនួនជាង១១.១លានដុល្លារសិង្ហបុរី ។

នៅក្នុងការចេញផ្សាយព័ត៌មាន នៅថ្ងៃសុក្រនេះ ប៉ូលិសបានឲ្យដឹងថា បុរស២៤៩នាក់ និងស្ត្រី ១១៣នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត បន្ទាប់ពីត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការរយៈពេល២សប្តាហ៍ ដែលបានដំណើរការចាប់ពីថ្ងៃទី២២ ខែកក្កដាដល់ថ្ងៃទី៤ ខែសីហា ។

ក្រុមអ្នកឆបោកទាំងនោះ ក្មេងជាងគេក្នុងក្រុមមានអាយុ១៦ឆ្នាំ ហើយចាស់ជាងគេ មានអាយុ៨២ឆ្នាំ ។

ជនសង្ស័យត្រូវបានគេចោទថា ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ជាង១.០៥០ករណីជាអ្នកឆបោក ឬឆបោកប្រាក់ ។

ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងត្រូវបានស៊ើបអង្កេត ពីបទឆបោក លាងលុយកខ្វក់ ឬផ្តល់សេវាទូទាត់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ។

ប៉ូលិសបានលើកឡើងថា ជនសង្ស័យត្រូវបានគេគិតថា ជាប់ពាក់ព័ន្ធនឹងការឆបោកជាច្រើនប្រភេទ រួមទាំងការឆបោកស្នេហាតាមអ៊ីនធើរណេត ការបោកប្រាស់ការងារ ការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ការបោកប្រាស់វិនិយោគ ការបោកប្រាស់ និងការបោកប្រាស់ប្រាក់កម្ចីជាដើម ។

ប៉ូលិសបានឲ្យដឹងទៀតថា ពួកគេក៏ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ក្លែងបន្លំ ដូចជាការក្លែងបន្លំផ្លូវការរបស់ប្រទេសចិនផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top