ព័ត៌មានអន្តរជាតិ

អ៊ីតាលី ប្រកាសប្រើកញ្ចប់ថវិកា ប្រមាណជាង១៧ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត និងអតិផរណា

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា លោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ បានប្រកាសកញ្ចប់ជំនួយ ដែលមានតម្លៃប្រមាណ១៧ពាន់លានអឺរ៉ូ ស្មើនឹង១៧,៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងគ្រោះរាំងស្ងួតដែលកំពុងកើនឡើង ។

ក្នុងនាមជាប្រមុខរដ្ឋាភិបាលប្រចាំការ លោក Draghi បានប្រកាសថា ទីស្តីការគណៈរដ្ឋមន្ត្រី ទើបតែបានអនុម័តកញ្ចប់ជំនួយចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង បន្ទាប់ពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការកាលពីថ្ងៃទី២១ ខែកក្កដា ។ លោកបានយល់ព្រមបន្តធ្វើជាប្រមុខរដ្ឋាភិបាល ក្នុងតួនាទីជាអ្នកប្រចាំការ ។ រហូតដល់រដ្ឋាភិបាលថ្មី អាចត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកញ្ញា ។

កាលពីដើមឆ្នាំនេះ ប្រទេសអ៊ីតាលី បានយល់ព្រមរួចហើយ នូវជំនួយសេដ្ឋកិច្ច៣៥ពាន់លានអឺរ៉ូ ។ នាយករដ្ឋមន្ត្រីបានថ្លែងថា ដូច្នេះវិធានការទាំង២រួមគ្នាសរុបច្រើនជាង២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអ៊ីតាលី ។

លោក Draghi បានថ្លែងថា ក្រឹត្យនេះមាន “សមាមាត្រវិសាមញ្ញ”  ហើយគោលដៅរបស់គាត់គឺ “ផ្តល់ឱ្យរដ្ឋាភិបាលបន្ទាប់នូវសមិទ្ធិផលជោគជ័យនៃគោលដៅទាំងអស់” ដែលទាក់ទងនឹងប្រាក់កម្ចី និងជំនួយដែលទាក់ទង នឹងជំងឺរាតត្បាតលើសពី២០០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប ។

យោងតាមលោក Draghi ក្នុងចំណោមវិធានការ ដែលផ្តល់ហិរញ្ញប្បទានដោយកញ្ចប់ថ្មីនឹងមាន “ការបន្ថែមក្នុងច្បាប់ និងវិធានការផ្សេងទៀតទាក់ទងនឹងថ្លៃប្រេងឥន្ធនៈ ការវាយតម្លៃឡើងវិញ នូវប្រាក់សោធននិវត្តន៍ និងការកាត់ពន្ធ” លើសពីការផ្តល់ហិរញ្ញប្បទានដោយជំនួយដំបូងក្នុងឆ្នាំនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top