ព័ត៌មានអន្តរជាតិ

Elon Musk អំពាវនាវផ្លាស់ប្តូរអ្នកទោស Brittney Griner និងថាលោក Biden គួរតែដោះលែងអ្នកណាម្នាក់ ជាប់គុកដោយសារបទល្មើសនៅអាមេរិក

អាមេរិក៖លោក Elon Musk បានចូលក្នុងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការដោះលែងតារា WNBA នាង Brittney Griner ពីការជាប់ឃុំឃាំងរបស់រុស្ស៊ី ដោយនិយាយថា រដ្ឋបាល Biden គួរតែដោះលែងអ្នកផ្សេងទៀតដែលជាប់គុកពីបទឧក្រិដ្ឋកម្មកញ្ឆានៅសហរដ្ឋអាមេរិកដូចគ្នា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Musk បាននិយាយលើផតឃែស្ថ Full Send ថា ប្រសិនបើលោកប្រធានាធិបតីប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះលែងអ្នកដែលជាប់គុកក្នុងប្រទេសរុស្ស៊ី ដោយសារតែកញ្ឆាខ្លះ តើយើងមិនគួរដោះលែងមនុស្សនៅអាមេរិកទេ?  មានមនុស្សនៅក្នុងគុកនៅអាមេរិកសម្រាប់រឿងដូចគ្នា តើយើងមិនគួរដោះលែងពួកគេដែរឬ?’ លោកបានសួរដោយបន្ថែមថា គំនិតរបស់ខ្ញុំគឺថាមនុស្សមិនគួរជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្មគ្រឿងញៀនដោយអហិង្សានោះទេ។

កីឡាការិនី Griner អាយុ ៣១ ឆ្នាំត្រូវបានគេរកឃើញថា មានពិរុទ្ធកាលពីថ្ងៃព្រហស្បតិ៍ពីបទរត់ពន្ធគ្រឿងញៀន ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីចៅក្រមបានច្រានចោល ការអះអាងរបស់នាងថា នាងបានទុកប៊ិចកញ្ឆាដោយចៃដន្យ ក្នុងកាបូបរបស់នាងនៅពេលនាងចូលប្រទេសកាលខែកុម្ភៈ នាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ។

ស្ទើរតែភ្លាមៗបន្ទាប់ពីសាលក្រមនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា លោកនឹងធ្វើការដោយមិននឿយហត់ដើម្បីស្វែងរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ដើម្បីនាំនាង និង Paul Whelan ជាជនជាតិអាមេរិកម្នាក់ទៀតដែលជាប់គុកនៅប្រទេសរុស្ស៊ីមកផ្ទះវិញ។

ឥឡូវនេះ ក្រសួងការបរទេស កំពុងធ្វើការចរចាដោះដូរអ្នកទោស សម្រាប់ជនជាតិអាមេរិកទាំងពីរនាក់ ជាថ្នូរនឹង Viktor Boult ជាឈ្មួញអាវុធរុស្ស៊ីត្រូវគេស្គាល់ថា ជាឧក្រិដ្ឋជនដែលគេស្គាល់ថាជា “អ្នកជំនួញនៃការស្លាប់”៕ ដោយ៖លី ភីលីព

Most Popular

To Top