វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ បានថ្លែងថា ភូមិគ្រឹះរបស់គាត់នៅរដ្ឋផ្លរីដា ត្រូវបានវាយឆ្មក់ដោយទីភ្នាក់ងារ FBI ហើយភ្នាក់ងារទាំងនោះ បានបើកទ្វារសុវត្ថិភាព ។
លោក ត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Mar-a-Lago នៅ Palm Beach ត្រូវបាន “កាន់កាប់ដោយក្រុមភ្នាក់ងារ FBI ដ៏ធំមួយ” ។
ការស្វែងរកកាលពីថ្ងៃចន្ទ ត្រូវបានគេរាយការណ៍ថា បានភ្ជាប់ជាមួយនឹងការស៊ើបអង្កេតលើការ ដោះស្រាយឯកសារផ្លូវការ របស់លោក ត្រាំ ។
សេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានឲ្យដឹងថា “នេះគឺជាពេលវេលាដ៏ខ្មៅងងឹត សម្រាប់ប្រទេសជាតិរបស់យើង” ។ “គ្មានអ្វីបែបនេះមិនធ្លាប់មាន ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ពីមុនមកនោះទេ” ។
FBI ដែលគេស្គាល់ថា ជាការិយាល័យស៊ើបអង្កេតសហព័ន្ធ និងនាយកដ្ឋានយុត្តិធម៌មិនបានធ្វើអត្ថាធិប្បាយ លើការស្វែងរកដែលបានរាយការណ៍នោះទេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានទាមទារ ដោយច្បាប់កំណត់ត្រាប្រធានាធិបតី ហៅថា (PRA) ដើម្បីផ្ទេរសំបុត្រ ឯកសារការងារ និងអ៊ីមែលទាំងអស់របស់ពួកគេ ទៅកាន់បណ្ណសារជាតិ ឬហៅថា (NA) ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា