ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ថា ចិនកំពុងរៀបចំ សម្រាប់ការឈ្លានពាន មកលើខ្លួន

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងតៃប៉ិ លោក Joseph Wu បានអះអាងនៅថ្ងៃអង្គារថា ប្រទេសចិនកំពុងប្រើប្រាស់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការឈ្លានពានលើកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wu បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតថា «ចិនបានប្រើសមយុទ្ធ និងសៀវភៅយុទ្ធសាស្រ្តយោធារបស់ខ្លួនដើម្បីត្រៀមខ្លួនសម្រាប់ការឈ្លានពានលើកោះតៃវ៉ាន់»។

អ្នកការទូតរូបនេះបានទទូចថា ទីក្រុងប៉េកាំងកំពុងចូលរួមក្នុង “សមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបាញ់មីស៊ីល ក៏ដូចជាការវាយប្រហារតាមអ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការបំបែកសេដ្ឋកិច្ច ដើម្បីធ្វើឱ្យសីលធម៌សាធារណៈនៅតៃវ៉ាន់ចុះខ្សោយ”។

សូមជម្រាបថា ប្រទេសចិនបានចាប់ផ្តើមល្បែងសង្គ្រាម រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ដែនសមុទ្រចំនួនប្រាំមួយជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nanacy Pelosi ទៅកាន់កោះនេះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top