អង់គ្លេស ៖ យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា ចំនួនមនុស្ស នៅចក្រភពអង់គ្លេស ដែលឆ្លងមេរោគ COVID-19 បានធ្លាក់ចុះសម្រាប់ សប្តាហ៍ទី២ជាប់ៗគ្នា ទោះបីជាការកើនឡើង នៃករណីថ្មីៗនេះ មានកម្រិតធ្ងន់ធ្ងរ ជាងករណីបានឃើញ ពីមុនក៏ដោយ សម្ពាធដែលមិនឈប់ឈរ កំពុងធ្វើឲ្យប៉ះពាល់ដល់ នាយកដ្ឋានសង្គ្រោះបន្ទាន់ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។
ONS បានប៉ាន់ប្រមាណថា មនុស្សសរុបចំនួន ២.៦លាននាក់ ក្នុងគ្រួសារឯកជន មានមេរោគឆ្លងនៅសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី ២៦ ខែកក្កដា ដោយផ្អែកលើរបាយការណ៍ ដោយខ្លួនឯងពីគំរូតំណាងមួយ ។ នេះគឺធ្លាក់ចុះ ១៩ភាគរយពី ៣.២ លាន កាលពីសប្តាហ៍មុន។
ONS បានបន្ថែមថា ជាទូទៅការឆ្លងមេរោគ COVID-19 ស្ថិតក្នុងនិន្នាការធ្លាក់ចុះ នៅក្នុងផ្នែកភាគច្រើន នៃចក្រភពអង់គ្លេស ទោះបីជាផ្លូវឆ្ពោះទៅមុខ នៅប្រទេសអៀរឡង់ខាងជើង មិនប្រាកដប្រជាក៏ដោយ ។ កម្រិតកំពូលនៃរលកថ្មីបំផុត បានធ្លាក់ចុះយ៉ាងល្អ នៅក្រោមកំណត់ត្រាខ្ពស់បំផុត របស់ចក្រភពអង់គ្លេស មានចំនួន ៤.៩ លាន ត្រូវបានរាយការណ៍នៅចុងខែមីនា ។
ONS បានរាយការណ៍ថា មានអ្នកស្លាប់ ចំនួន ៧៤៥នាក់ ដែលពាក់ព័ន្ធនឹងមេរោគ COVID នៅចក្រភពអង់គ្លេស និងវេលស៍សម្រាប់សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី ២២ ខែកក្កដា ៕ដោយ៖លី ភីលីព