ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រតិបត្តិការយោធារបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជុំវិញកោះតៃវ៉ាន់ គឺជាវិធានការតបតដ៏ត្រឹមត្រូវ និងចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោក Tan Kefei អ្នកនាំពាក្យក្រសួងបានលើកឡើងថា ប្រតិបត្តិការនេះក៏បានដើរតួជាការរារាំង ប្រឆាំងនឹងការឃុបឃិតរបស់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ជាមួយកងកម្លាំងខាងក្រៅក្នុងការបង្ករឿង។
លោកបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់ ដែលអះអាងថា ប្រតិបត្តិការយោធារបស់ដីគោក បានរឹតបន្តឹងលំហយុទ្ធសាស្ត្ររបស់តៃវ៉ាន់។
លោក Tan បានបន្ដថា លំហាត់ និងការបណ្តុះបណ្តាលពាក់ព័ន្ធគឺបើកចំហ តម្លាភាព វិជ្ជាជីវៈ និងអនុវត្តតាមច្បាប់ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការអនុវត្តអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកថា “ដើម្បីជាប្រយោជន៍ដល់សុខុមាលភាព របស់ប្រជាជននៅតៃវ៉ាន់ យើងនឹងធ្វើការដោយស្មោះស្ម័គ្របំផុត និងខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពរបស់យើង ដើម្បីសម្រេចបាន នូវការបង្រួបបង្រួមដោយសន្តិវិធី”។
លោកបានបន្ដថា ដោយព្រងើយកន្តើយនឹងផលប្រយោជន៍ របស់ប្រជាជាតិចិន ដើម្បីជាថ្នូរនឹងការចំណេញរៀងៗខ្លួន កងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” បានដើរលើផ្លូវគ្មានការត្រឡប់មកវិញ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ទំនាក់ទំនងឆ្លងច្រកសមុទ្រជាថ្មីម្តងទៀត កំពុងប្រឈមមុខនឹងជម្រើសពីរ ដែលនឹងនាំទៅរកអនាគតពីរផ្សេងគ្នា អាជ្ញាធរតៃវ៉ាន់ គួរតែធ្វើការជ្រើសរើសផ្លូវត្រឹមត្រូវ៕ ប្រែសម្រួល ឈូក បូរ៉ា