ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ អាមេរិក មានបំណងបង្ក អស្ថិរភាពក្នុងតំបន់ ជាមួយនឹងដំណើរទស្សនកិច្ច របស់លោកស្រី Pelosi នៅតៃវ៉ាន់

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានចេតនា ដើម្បីធ្វើឱ្យស្ថានការណ៍ នៅក្នុងតំបន់មានអស្ថិរភាព។

លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែធ្វើឡើងដោយ “អ្នកនយោបាយគ្មានការទទួលខុសត្រូវ” ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយ នៃយុទ្ធសាស្ត្រមូលដ្ឋាន ដែលតាមរយៈនោះ សហរដ្ឋអាមេរិក កំពុងស្វែងរកអស្ថិរភាពស្ថានការណ៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។

ក្នុងអំឡុងសុន្ទរកថារបស់លោក នៅឯសន្និសីទប្រចាំឆ្នាំ នៅទីក្រុងមូស្គូលើកទី១០ ស្តីពីសន្តិសុខអន្តរជាតិ លោកពូទីន បានហៅទង្វើនេះថាជា “ការបង្ហាញពីភាពមិនគោរព ចំពោះអធិបតេយ្យភាព របស់ប្រទេសដទៃ និងសម្រាប់កាតព្វកិច្ចអន្តរជាតិ” និងការបង្កហេតុ ដែលបានគ្រោងទុក ដោយប្រុងប្រយ័ត្ន។

ថ្លែងនៅក្នុងពិធីបើកសន្និសិទកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានកត់សម្គាល់ស្រដៀងគ្នាថា ការចុះចតបង្កហេតុរបស់លោកស្រី Pelosi នៅតៃវ៉ាន់ គឺជាជំហានមួយទៀត ដើម្បីធ្វើឱ្យមានអស្ថិរភាព ក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top