សហភាពអឺរ៉ុប៖ សារព័ត៌មានស្គាយញ៉ូវថ្មីៗនេះ បានរាយការណ៍ថា ទ្វីបនេះកំពុងប្រឈមមុខ នឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត របស់ខ្លួនក្នុងរយៈពេលយ៉ាងហោចណាស់ ៥០០ ឆ្នាំ ហើយស្ថានការណ៍ កាន់តែអាក្រក់ទៅៗ អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (EDO) បានព្រមាននៅក្នុងរបាយការណ៍ ប្រចាំខែចុងក្រោយរបស់ខ្លួន។
ទីភ្នាក់ងារគ្រោះរាំងស្ងួតរបស់ខ្លួនបានព្រមានថា គ្រោះរាំងស្ងួតកំពុងបន្តធ្វើឲ្យខូចខាត ដល់ការបង្កើតថាមពលរបស់សហភាពអឺរ៉ុប ខណៈប្លុកនេះកំពុងរៀបចំ សម្រាប់ការដាច់ចរន្តអគ្គិសនី ក្នុងរដូវរងារនៅពេលប្រទេសរុស្ស៊ី ច្របាច់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន។
សម្រាប់រដូវក្តៅនៃភ្លើងឆេះព្រៃដ៏ព្រៃផ្សៃ ការកាត់បន្ថយការប្រមូលផល និងទន្លេធំៗកំពុងរីងស្ងួត ការខ្វះខាតទឹកភ្លៀងយ៉ាងច្រើនក៏បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យថាមពលរបស់សហភាពអឺរ៉ុប ដោយរារាំងទាំងការផលិតវារីអគ្គិសនី និងប្រព័ន្ធត្រជាក់នៃរោងចក្រថាមពលផ្សេងទៀត។
លោក Johannes Bahrke អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប មើលការខុសត្រូវ EDO ដោយលើកឡើងពីក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អាកាសធាតុនឹងនៅតែក្តៅ និងស្ងួតជាងធម្មតា នៅតំបន់មេឌីទែរ៉ាណេភាគខាងលិច រហូតដល់ខែវិច្ឆិកា។ ប្រទេសមួយចំនួននៅអឺរ៉ុបក៏បន្តប្រឈមមុខនឹងការកើនឡើង នៃសីតុណ្ហភាព និងកង្វះទឹកភ្លៀងយ៉ាងខ្លាំង។
នេះបើយោងតាមរបាយការណ៍ប្រចាំខែសីហារបស់ EDO បាននិយាយថា នៅប្រទេសព័រទុយហ្គាល់ និងភាគខាងជើង នៃប្រទេសអ៊ីតាលី ថាមពលវារីអគ្គិសនី ដែលរក្សាទុកក្នុងអាងស្តុកទឹក គឺទាបជាងពាក់កណ្តាលនៃមធ្យមភាគ នៃឆ្នាំថ្មីៗនេះ។ ចំណែកប្រទេសអ៊ីតាលីវានៅតែថយចុះបន្តិចម្តងៗ ។
ស្ទើរតែពីរភាគបី (៦៤ភាគរយ)នៃសហភាពអឺរ៉ុប ស្ថិតនៅក្រោមកម្រិតព្រមាន នៃគ្រោះរាំងស្ងួតជាមួយនឹងកម្រិតទឹកទាប ឬស្ថានភាពការប្រុងប្រយ័ត្នធ្ងន់ធ្ងរបំផុត នៅពេលដំណាំ និងរុក្ខជាតិចាប់ផ្តើមរងទុក្ខផងដែរ៕ ដោយ៖លី ភីលីព