ព័ត៌មានអន្តរជាតិ

គ្រោះរាំងស្ងួត នាំមកនូវវិបត្តិអត់ឃ្លាន ដល់ប្រទេសកេនយ៉ា

កេនយ៉ា៖ អង្គការយូនីសេហ្វបានប៉ាន់ប្រមាណថា កុមារជិត២លាននាក់ នៅHorn នៃទ្វីបអាហ្រ្វិក ត្រូវការការព្យាបាលជាបន្ទាន់ សម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

អង្គការយូនីសេហ្វបានបន្តថា ភាគខាងជើងប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួត ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល ៤០ឆ្នាំ បណ្តាលឲ្យសត្វពាហនៈស្លាប់ ដំណាំស្លាប់អស់ និងកុមារជាច្រើនត្រូវអត់ឃ្លាន។
ភ្លៀងប្រចាំឆ្នាំគ្មានសោះ នៅទូទាំងប្រទេសកេនយ៉ា អេត្យូពី និងសូម៉ាលី ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដោយបង្ខំឲ្យមនុស្ស ១.៥ លាននាក់ ចាកចេញពីផ្ទះរបស់ពួកគេដោយសង្ឃឹមថា នឹងស្វែងរកអាហារ និងទឹក។

ប្រធានាធិបតីកេនយ៉ា លោក William Ruto បានប្រកាសវិបត្តិនេះថា ជាមហន្តរាយជាតិ។ ចំណែកអង្គការយូនីសេហ្វ បានបន្ថែមថា ភាពអាសន្ននៃភាពអត់ឃ្លាន ត្រូវបានពន្លឿនដោយសង្រ្គាម នៅប្រទេសអ៊ុយក្រែន និងផលវិបាកនៃជំងឺរាតត្បាត បានជំរុញឲ្យតម្លៃប្រេងចម្អិនអាហារ នំបុ័ង និងម្សៅស្រូវសាលីកើនឡើង ដល់កម្រិតខ្ពស់គ្រប់ពេលវេលា នៅទីផ្សារក្នុងស្រុក។

ឥឡូវនេះ គ្រូគង្វាលនៅភាគពាយព្យ ប្រទេសកេនយ៉ា ត្រូវបានបង្ខំឲ្យជីករណ្តៅក្នុងទន្លេស្ងួត ដើម្បីស្វែងរកទឹក។ កុមារជាច្រើនប្រមូលផ្តុំគ្នានៅ “បន្ទប់រក្សាលំនឹង” សម្រាប់បញ្ហាសុខភាពធ្ងន់ធ្ងរ នៅក្នុងខោនធី Lodwar និងមន្ទីរពេទ្យបង្អែក ក្នុងតំបន់នៃប្រទេសកេនយ៉ា៕ ដោយ៖លី ភីលីព

Most Popular

To Top