ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស្វីស ព្រមានអំពីផលលំបាក ករណីផ្អាកដំណើរការ ទិញយន្តហោះចម្បាំង ច្រើនគ្រឿងពីអាមេរិក

បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសស្វីសកាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រសិនបើមានករណីពន្យាពេលណាមួយ ចំពោះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង តម្លៃរាប់ពាន់លានដុល្លារពីអាមេរិក នោះវានឹងធ្វើឲ្យមានបញ្ហាផ្ទួនៗ ទៅឲ្យប្រទេសរបស់ខ្លួនជាមិនខាន។

ការប្រកាសលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីក្រុមសកម្មជនប្រឆាំងទៅនឹង ការបញ្ជាទិញអាវុធជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការចុះហត្ថលេខា ដើម្បីសុំធ្វើការបោះឆ្នោតប្រជាមតិ មុននឹងធ្វើការសម្រេចចិត្តបន្ត ឬផ្អាកកិច្ចព្រមព្រៀងទិញ F-35 ជាច្រើនគ្រឿងពីសហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គាររដ្ឋាភិបាលស្វីសបានទទួលលិខិត ដែលមានការចុះហត្ថលេខា ពីសំណាក់ពលរដ្ឋជាង១០០០០០នាក់ ដើម្បីធ្វើការស្នើសុំធ្វើប្រជាមតមួយនៅក្នុងខែមិនា ដែលជាខែតែមួយដែលសហរដ្ឋអាមេរិក បានក៉ណត់យកជាថ្ងៃផុតកំណត់ ក្នុងការសម្រេចចិត្តរបស់ស្វីសក្នុងការទិញ យកយន្តហោះចម្បាំង៣៦គ្រឿងពីអាមេរិក។

ក្រុមប្រឆាំងបានអះអាងថា យន្តហោះកញ្ចប់ថ្មីដែលមានតម្លៃ ដល់ទៅ៦ពាន់លានដុល្លារ គឺពិតជាថ្លៃខ្លាំងណាស់ ខណៈដែលស្វីសបានបញ្ជាក់ថាថាបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏បានធ្វើការបញ្ជាទិញអាវុធជាច្រើន ពីអាមេរិកដូចគ្នាផងដែរ ដូចជាកាណាដាហ្វាំងឡង់និងអាល្លឺម៉ង់ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top