ព័ត៌មានអន្តរជាតិ

បេសកជនពិសេសរបស់ប្រទេសចិន ព្រមានអំពីគ្រោះថ្នាក់កើតឡើងជាថ្មី នៃសង្គ្រាមត្រជាក់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា បេសកជនចិន កាលពីថ្ងៃពុធបានព្រមានអំពីគ្រោះថ្នាក់នៃសង្គ្រាមត្រជាក់ថ្មី ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការការពារស្ថិរភាពយុទ្ធសាស្ត្រសកល ។

លោក Zhang Jun បានថ្លែងថា “វិបត្តិអ៊ុយក្រែន និងការវិវត្តន៍តានតឹងថ្មីៗ ជាបន្តបន្ទាប់នៅជុំវិញពិភពលោក បង្ហាញថា… យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ងដោយចេតនាណាមួយ ដើម្បីបង្កបញ្ហា និងបង្កើនការបែកបាក់ និងការប្រឈមមុខគ្នា ហើយយើងត្រូវតែការពារស្ថិរភាពយុទ្ធសាស្ត្រសកល”  ។ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិបានថ្លែងដូច្នេះ ។

លោកបានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីជម្លោះអ៊ុយក្រែនថា “យើងមិនគួរអនុញ្ញាតឱ្យពិភពលោកធ្លាក់ចូលទៅក្នុង សង្រ្គាមត្រជាក់ថ្មីនោះទេ” ។

លោកបានលើកឡើងថា ការពិតបានបង្ហាញឱ្យឃើញថា ចិត្តគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នា ក្នុងប្លុកត្រូវតែប្រឆំាងដាច់ខាត ។

គួរបញ្ជាក់ថា ជាង៣០ឆ្នាំបន្ទាប់ពីការបញ្ចប់ នៃសង្រ្គាមត្រជាក់ អង្គការ NATO បានបន្តពង្រីកទៅទិសខាងកើត ដែលមិនបានធ្វើឱ្យអឺរ៉ុបមានសុវត្ថិភាពនោះទេ ប៉ុន្តែបានសាបព្រោះគ្រាប់ពូជនៃជម្លោះ ។ មនុស្សជាតិទាំងអស់រស់នៅ ក្នុងសហគមន៍សន្តិសុខដែលមិនអាចបំបែកបាន ហើយសន្តិសុខរួមគឺជាផលប្រយោជន៍រួមរ បស់ប្រទេសទាំងអស់ ។ លោកបានលើកឡើងថា សន្តិសុខរបស់ប្រទេសមួយមិនគួរមកដោយចំណាយ របស់ប្រទេសមួយផ្សេងទៀតនោះទេ ហើយសន្តិសុខក្នុងតំបន់មិនអាចសម្រេចបានដោយការពង្រឹងប្លុកយោធានោះទេ ។

សព្វថ្ងៃនេះនៅក្នុងសតវត្សទី២១ គំនិតនៃសង្រ្គាមត្រជាក់ និងហ្គេមសូន្យគឺជាគំនិតហួសសម័យយូរហើយ ។ លោកបានបន្តថា ការឈ្លក់វង្វេងលើកងកម្លាំងយោធា និងការស្វែងរកសន្តិសុខដាច់ខាត នឹងនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ដែលមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ ។

លោក Zhang បានលើកឡើងថា ការពិតបានបង្ហាញថា ការបំបែក និងការជ្រើសរើសភាគី ត្រូវតែត្រូវបានបដិសេធយ៉ាងម៉ឺងម៉ាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top