លោក គីម ជុងអ៊ីល ត្រូវគេស្គាល់ថាជាមនុស្ស ដែលស្រឡាញ់វិស័យភាពយន្ត ហើយលោកបានសរសេរសៀវភៅ ជាច្រើនក្បាល ដែលពាក់ព័ន្ធនឹងការបង្កើតកុន នៅកូរ៉េខាងជើង។ អតីតមេដឹកនាំរូបនេះ គឺជាអ្នកគាំទ្ររបស់តារាសម្ដែង James Bond និង Elizabeth Taylor។
នៅអំឡុងទសវត្សទី៧០ លោក គីម ជុងអ៊ីល បានចាប់ផ្ដើមគំនិត ធ្វើឲ្យវិស័យកុននៅកូរ៉េខាងជើង មានការលេចធ្លោ ដើម្បីប្រកួតប្រជែងជាមួយអន្តរជាតិ។ ហេតុដូច្នេះហើយលោកបានសម្រេច បង្កើតគម្រោងការណ៍មួយ គឺចាប់ជម្រិតតារាសម្ដែងម្នាក់ និងអ្នកដឹកនាំរឿងម្នាក់ពីប្រទេសកូរ៉េខាងត្បូង។ តារាស្រីដែលត្រូវគេចាប់មានឈ្មោះថា Choi Eun-hee ឯអ្នកដឹកនាំប្រុសមានឈ្មោះថា Shin Sang-ok។ អ្នកទាំង២ធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា មុនត្រូវគេចាប់ជម្រិត យកទៅក្រុងព្យុងយ៉ាង។
Choi និងអតីតស្វាមី ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅកូរ៉េខាងត្បូង នាអំឡុងទសវត្សទី៦០។ យ៉ាងណាមិញ ក្រោយលែងលះពី Shin រួច សកម្មភាពការងាររបស់តារាស្រី Choi មានការធ្លាក់ចុះដុនដាបខ្លាំង។ នៅចុងទសវត្សទី៧០ មានគ្រាមួយស្រាប់តែ Choi ត្រូវអ្នកជំនួញហុងកុងម្នាក់ បានអញ្ជើញឲ្យទៅពិភាក្សាការងារសម្ដែង ដែលនេះជាក្ដីសង្ឃឹមថ្មីសម្រាប់ Choi ក្នុងការស្ដារអាជីពឡើងវិញ។ អ្វីៗមិនដូចការគិត ខណៈពេលនៅក្នុងហុងកុង Choi ត្រូវក្រុមបុរសជាច្រើននាក់ ចាប់ខ្លួនយកទៅទីក្រុងព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើង។ ក្រោយពេលបាត់ដំណឹងអតីតភរិយា លោក Shin បានទៅរកនាងដល់ហុងកុង តែក្រោយមកលោកក៏ត្រូវគេចាប់យកទៅកូរ៉េខាងជើងផងដែរ។
លោក គីម ជុងអ៊ីល បានរំពឹងថា វត្តមានរបស់ Choi និង Shin នឹងធ្វើឲ្យឧស្សាហកម្មភាពយន្តកូរ៉េខាងជើង មានភាពល្បាញល្បីមិនខាន។ លោក គីម ជុងអ៊ីល បានបង្ខំឲ្យ Choi និង Shin ថតរឿងមួយមានចំណងជើងថា “Pulgasari” ដែលយកលំនាំតាមរឿង “Godzilla”។ មុនថតរឿងនេះ តារាកូរ៉េខាងត្បូងទាំង២រូបត្រូវលោក គីម ជុងអ៊ីល ចាប់បង្ខំឲ្យបរិភោគស្មៅ។
នៅកូរ៉េខាងជើងអស់រយៈពេល៨ឆ្នាំ Choi និង Shin បានទទួលទំនុកចិត្តពីលោក គីម ជុងអ៊ីល ហើយពួកគេឲ្យបានអនុញ្ញាតឲ្យទៅប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្ត។ ពេលនោះហើយជាឱកាសល្អ សម្រាប់អ្នកទាំង២គេចខ្លួន ដោយសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅទូតអាមេរិក។
អ្នកស្រី Choi និងលោក Shin បានចាប់ផ្ដើ់មជីវិតថ្មីនៅលើទឹកដីអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ មុនត្រឡប់ទៅប្រទេសកំណើតវិញ។ លោក Shin បានទទួលមរណភាព នៅក្នុងឆ្នាំ២០០៦ ហើយអ្នកស្រី Choi បានលាចាកលោកកាលពីឆ្នាំ២០១៨កន្លងទៅ៕ Source: Sabay