ឡុងដ៌ ៖ និយតករថាមពល របស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃសុក្រថា តម្លៃថាមពលរបស់ចក្រភពអង់គ្លេស នឹងកើនឡើង ៨០ភាគរយដល់ ៣,៥៤៩ ផោន (ប្រហែល ៤,១៨០ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ សម្រាប់គ្រួសារ ជាមធ្យមចាប់ពីខែតុលា ។
ការិយាល័យទីផ្សារឧស្ម័ន និងអគ្គិសនី (Ofgem) បានឲ្យដឹងថា ដោយលោតពីបច្ចុប្បន្ន ១,៩៧១ ផោនក្នុងមួយឆ្នាំ ការកើនឡើង ៨០ភាគរយ គឺដោយសារតែការកើន ឡើងតម្លៃឧស្ម័នលក់ដុំ ជាសកល។
ប្រភពពី Ofgem បានឲ្យដឹងថា តម្លៃឧស្ម័នលក់ដុំជាសកលបានចាប់ផ្តើមកើនឡើង នៅពេលដែលពិភពលោក បានងើបឡើងពីជំងឺរាតត្បាតកូវីដ-១៩ ហើយ “ត្រូវបានជំរុញឱ្យនៅតែខ្ពស់ ក្នុងកម្រិតកំណត់ត្រា ដោយប្រទេសរុស្ស៊ី បានផ្លាស់ប្តូរការផ្គត់ផ្គង់ឧស្ម័នយឺតៗ ទៅកាន់តំបន់អឺរ៉ុប” ។
លោក Jonathan Brearley នាយកប្រតិបត្តិ នៃក្រុមហ៊ុន Ofgem បានលើកឡើងថា “យើងដឹងថា ឥទ្ធិពលដ៏ធំនៃការកើនឡើងតម្លៃនេះ នឹងមានលើគ្រួសារនៅទូទាំងប្រទេសអង់គ្លេស ហើយការសម្រេចចិត្តដ៏លំបាក ដែលអ្នកប្រើប្រាស់នឹងត្រូវធ្វើ” ។
និយតករបានឲ្យដឹងថា ការកំណត់តម្លៃថ្មីនឹង ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ប៉ុន្តែអ្នកផ្គត់ផ្គង់មួយ ចំនួនអាចចាប់ផ្តើមបង្កើន ឥណពន្ធផ្ទាល់មុននេះ ដើម្បីទប់នឹងការរីករាលដាល ការចំណាយ។
តម្លៃថាមពលកំណត់តម្លៃអតិបរមាក្នុងមួយឯកតាលើថាមពល ដែលឆ្លុះបញ្ចាំងពីតម្លៃ នៃការទិញថាមពលនៅលើទីផ្សារលក់ដុំ និងផ្គត់ផ្គង់វាដល់ផ្ទះរបស់យើង។ វាក៏កំណត់ផងដែរ នូវអត្រាប្រាក់ចំណេញដ៏តឹងរឹង និងតិចតួច ដែលអ្នកផ្គត់ផ្គង់អាចទទួល បានពីការលក់ ថាមពលក្នុងស្រុក នេះបើយោងតាម Ofgem ៕
ប្រែសម្រួល ឈូក បូរ៉ា