ព័ត៌មានអន្តរជាតិ

បារាំង និងអាល្លឺម៉ង់ ចាប់ដៃគ្នា ដើម្បីឆ្លងផុតវិបត្តិ ថាមពលបច្ចុប្បន្ន

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសបារាំង និងអាល្លឺម៉ង់ នឹងជួយគ្នាទៅវិញទៅមក ឆ្លងកាត់វិបត្តិថាមពល និងទទួលបាននៅ រដូវរងាខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីសន្និសីទវីដេអូជាមួយ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង ត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ឧស្ម័នបន្ថែមទៀត ដល់ប្រទេសអាល្លឺម៉ង់ ខណៈដែលប្រទេសចុងក្រោយ នឹងផ្តល់អគ្គិសនីបន្ថែមទៀត ដល់ប្រទេសបារាំង ប្រសិនបើវិបត្តិថាមពលបច្ចុប្បន្ន នៅតែបន្តកើតមានក្នុងរដូវរងា។

លោក ម៉ាក្រុង បានបន្ដថា “យើងនឹងបញ្ចប់ការ តភ្ជាប់ហ្គាស ដើម្បីអាចបញ្ជូនឧស្ម័ន ទៅប្រទេសអាល្លឺម៉ង់ ហើយអាល្លឺម៉ង់ នឹងត្រៀមខ្លួនជាស្រេច ក្នុងការផលិតអគ្គិសនី បន្ថែមទៀត ដើម្បីនាំមកឱ្យយើង ក្នុងស្ថានភាពធ្ងន់ធ្ងរ” ។

ប្រធានាធិបតីបារាំងរូបនេះបានបន្ដថា លោកពេញចិត្ត ចំពោះវិធានការសាមគ្គីភាពនៅកម្រិតអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិថាមពលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានពន្យល់ថា “យើង ពេញចិត្ត នឹងការអនុវត្តការទិញឧស្ម័នទូទៅ ដែលនឹងធ្វើឱ្យវាអាចទិញ បានក្នុងតម្លៃ ថោកជាង “។ ទោះជាយ៉ាងណា លោកបានបន្ថែមថា គ្មានការចាំបាច់ សម្រាប់បំពង់បង្ហូរឧស្ម័ន ដែលតភ្ជាប់ប្រទេសបារាំង និង អេស្ប៉ាញនោះ ។

ទាក់ទងនឹងតម្លៃថាមពលខ្ពស់នៅអឺរ៉ុប លោក ម៉ាក្រុង បានស្នើឱ្យបង្កើតយន្តការគ្រប់គ្រង សម្រាប់ប្រតិបត្តិការប៉ាន់ស្មាននៅកម្រិតអឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top