ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមាន​ដល់បណ្ដារដ្ឋ​ក្នុង​តំបន់ ចំពោះការធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​កងកម្លាំង​អាមេរិក

តេអេរ៉ង់៖ ឧត្តមសេនីយអ៊ីរ៉ង់កំពូលម្នាក់បានឲ្យដឹងថា អ៊ីរ៉ង់បានចេញការព្រមានជាលាយលក្ខណ៍អក្សរដល់រដ្ឋក្នុងតំបន់ទាំងអស់ ដែលធ្វើជាម្ចាស់ផ្ទះនៃកងកម្លាំងយោធាអាមេរិកថា វត្តមានរបស់អាមេរិកបែបនេះបង្កើនការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់។

លោក Mohammad Baqeri ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើទំព័ររបស់លោកនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអភិវឌ្ឍក្នុងស្រុក Rubika ។

លោកបានលើកឡើងថា ការព្រមានជាលាយលក្ខណ៍អក្សរត្រូវបានចេញតាមរយៈក្រសួងការបរទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Baqeri បានបន្ដថា ប្រទេសអ៊ីរ៉ង់ក៏បានបញ្ជូនការព្រមានដល់រដ្ឋទាំងនេះតាមរយៈការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ បង្កើនចំនួននៃការល្បាតតាមអាកាស និងដែនសមុទ្រ ក៏ដូចជាកម្រិតនៃការត្រួតត្រាស៊ើបការណ៍ និងការធ្វើសមយុទ្ធយោធាចម្រុះ។

លោកបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ “របបភេរវករអាមេរិក” បានស្វែងរកសំណង សម្រាប់ការដកថយនៃយន្តហោះ នាវាចម្បាំង និងនាវាពិឃាតរបស់ខ្លួនពីឈូងសមុទ្រ និងសមុទ្រអូម៉ង់ ដែលបានបង្កើតនូវភាពខ្វះចន្លោះថាមពល ដែលបង្កការភ័យខ្លាចនៅក្នុងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដោយ តភ្ជាប់តំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល ទៅនឹងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។

ឧត្តមសេនីយអ៊ីរ៉ង់រូបនេះ បានបន្ថែមថា អ៊ីរ៉ង់តែងតែផ្តល់ដំបូន្មានដល់រដ្ឋជិតខាង ដើម្បីធានាសន្តិសុខក្នុងតំបន់ តាមរយៈការពង្រីកទំនាក់ទំនងជាបងប្អូន និងកិច្ចសហប្រតិបត្តិការក្នុងចំណោមពួកគេ និងចៀសវាងការពឹងផ្អែកលើបរទេស៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top