តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយនៅថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រី Yoshiro Mori ជាប្រធានគណៈកម្មាធិការរៀបចំអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ត្រូវបានសួរដោយព្រះរាជអាជ្ញា លើមូលដ្ឋានស្ម័គ្រចិត្ត ជុំវិញរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងអតីតនាយកប្រតិបត្តិ នៃស្ថាប័ន នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ព្រះរាជអាជ្ញាកំពុងស្វែងរក បង្កើតសំណុំរឿងសូកប៉ាន់ប្រឆាំងនឹង Haruyuki Takahashi ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ពីក្រុមហ៊ុនចំនួន២ ជាថ្នូរនឹងការជួយពួកគេឲ្យត្រូវបាន ជ្រើសរើសជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍កីឡា។លោក Mori ត្រូវបានគេជឿថា បានជួបលោក Takahashi និងមន្ត្រីនៃ Kadokawa Corp មុនពេលអ្នកចេញផ្សាយ ត្រូវបានជ្រើសរើសជា អ្នកឧបត្ថម្ភការប្រកួតកាលខែមេសាឆ្នាំ ២០១៩។
ប្រភពបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីវ័យ ៨៥ ឆ្នាំរូបនេះក៏បានជួបជាមួយ Hironori Aoki អតីតប្រធានក្រុមហ៊ុន លក់រាយឈុតអាជីវកម្ម Aoki Holdings Inc. នៅជុំវិញខែកក្កដា ឆ្នាំ២០១៧តាមរយៈការណែនាំដោយ Takahashi ។ Aoki Holdings បានក្លាយជាអ្នកឧបត្ថម្ភកាលខែតុលា ឆ្នាំ២០១៨។
មេធាវីតំណាងឲ្យលោក Mori បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការសួរដេញដោលរបស់ព្រះរាជអាជ្ញា ខណៈអ្នកនាំពាក្យ Kadokawa ក៏បដិសេធមិនធ្វើអត្ថាធិប្បាយ លើកិច្ចប្រជុំរបស់ខ្លួនជាមួយលោក Mori ដែរ។ ចំពោះទំនាក់ទំនងជាមួយ Aoki មេធាវីបាននិយាយនៅក្នុងការ ឆ្លើយតបជាលាយលក្ខណ៍អក្សរថា Mori មិនដែលបាននិយាយជាមួយ Takahashi ឬ Aoki អំពីការជ្រើសរើសអ្នកឧបត្ថម្ភទេ។
ទន្ទឹមនឹងនោះ Takahashi បានប្រាប់អ្នកស៊ើបអង្កេតថា លោកបានណែនាំ Aoki ដល់ Mori ប៉ុន្តែលោកមិនដែលស្នើឲ្យជ្រើសរើស Aoki Holdings ជាអ្នកឧបត្ថម្ភនោះទេ។ លោក Takahashi ត្រូវបានចោទប្រកាន់ កាលពីថ្ងៃអង្គារពីបទ ទទួលសំណូកសរុបប្រហែល ៥១ លានយ៉េនពី Aoki Holdings ។ លោកក៏ត្រូវបានចេញដីកា ចាប់ខ្លួនថ្មីនៅថ្ងៃដដែល ពីបទទទួលសំណូកពី Kadokawa៕
ដោយ៖ លី ភីលីព