ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែន នឹងមិននាំមកនូវ សន្តិភាពនោះទេ

ប៉េកាំង ៖ បេសកជនចិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន នឹងមិននាំមកនូវសន្តិភាពនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា រយៈពេលជាង ៦ខែបន្ទាប់ពីការផ្ទុះឡើង នៃវិបត្តិអ៊ុយក្រែន ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តកើតមាន ហើយអាវុធ និងគ្រាប់រំសេវជាច្រើនកំពុងហូរទៅកាន់សមរភូមិ ដែលបង្កឱ្យមានការរំពឹងទុកដ៏គួរឱ្យព្រួយបារម្ភនៃជម្លោះ ដែលអូសបន្លាយ និងពង្រីកជម្លោះកាន់តែធំ។

ចាប់តាំងពីការចាប់ផ្តើម នៃវិបត្តិមក ប្រទេសចិនបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួនថា ការផ្គត់ផ្គង់អាវុធនឹងមិននាំមកនូវសន្តិភាពនោះទេ ហើយថាការបន្ថែមប្រេងទៅភ្លើង នឹងធ្វើឱ្យមានបញ្ហាស្មុគស្មាញ។

លោកបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា ការពិតដ៏អាក្រក់ និងផលវិបាកមនុស្សធម៌ ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាង ពេញលេញនូវរឿងនេះ។

ការព្រួយបារម្ភដូចគ្នា គឺសេណារីយ៉ូដែលអាវុធ និងគ្រាប់រំសេវមួយចំនួន ធំធ្លាក់ចូលទៅក្នុងដៃខុស បង្កបញ្ហាមិនចេះចប់ និងបង្កើតហានិភ័យ សន្តិសុខក្នុងប្រទេសអ៊ុយក្រែន និងក្នុងតំបន់យ៉ាងទូលំទូលាយ។ លោកបានបន្តថា ផលប៉ះពាល់ អវិជ្ជមាន ដែលពាក់ព័ន្ធ បានចាប់ផ្តើមលេចឡើង រួច ហើយ ។

លោកបន្ដថា “ចិនតែងតែរក្សាថាការសន្ទនា និងការចរចា គឺជាមធ្យោបាយប្រាកដនិយម និងអាចធ្វើទៅបានបំផុតក្នុងការដោះស្រាយវិបត្តិ។ មានតែតាមរយៈការស្វែងរកសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពប៉ុណ្ណោះ ទើបអាចមានស្ថិរភាព និងសន្តិសុខយូរអង្វែងនៅអឺរ៉ុប និងពិភពលោកទាំងមូល”។

វិបត្តិអ៊ុយក្រែន បានបង្ហាញជាថ្មីម្ដងទៀត តាមរបៀបដ៏ឃោរឃៅមួយថា ការបន្តនយោបាយអំណាច ស្វែងរកសន្តិសុខ ដាច់ខាត ការឈ្លក់វង្វេង នឹងអំណាចយោធា និងការបង្កើតការបែកបាក់ និងការប្រឈមមុខគ្នា មិនអាចនាំមកនូវសន្តិភាព និងស្ថិរភាព ឬការផ្សះផ្សា និងភាពស្ងប់ស្ងាត់នោះទេ។

លោកបានបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធគួរតែរក្សាទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នា ហើយទុកកន្លែង សម្រាប់ការចរចាការទូត ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយ និងសម្រេចបាននូវការបញ្ចប់ អរិភាពនៅដំណាក់កាលដំបូង៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top