ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បច្ចុប្បន្ននេះ មានសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការផលិតយន្ដហោះដ្រូន ដ៏មានឥទ្ធិពល

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) មេបញ្ជាការកងទ័ពអាកាស របស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងថា សាធារណៈរដ្ឋអ៊ីស្លាម បានក្លាយខ្លួនជា អ្នកផលិតយានជំនិះគ្មានមនុស្សបើក (UAVs) ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាយន្តហោះដ្រូន និងមានបំណង ធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត នៅក្នុងវិស័យនេះ ។

ធ្វើការកត់សម្គាល់នៅទីក្រុង Tabriz ភាគពាយ័ព្យប្រទេស លោក Hamid Vahedi បានលើកឡើងថា កងទ័ពអាកាសបានដំណើរការល្អក្នុងការផលិត UAV ហើយបានបង្កើត យន្តហោះ Kaman 12 និង Kaman 22 ដែលជាយន្ដហោះ UAV យុទ្ធសាស្ត្រ និងមានតម្លៃពីរ បន្ថែមពីលើយន្តហោះគ្មាន មនុស្សបើកផ្សេងទៀត ដែលបង្កើតឡើង ដោយក្រសួងការពារជាតិ។

លោកបានបន្ថែមថា អ៊ីរ៉ង់ ស្ថិតក្នុងចំណោម អ្នកផលិត UAV កំពូល ក្នុងតំបន់ ហើយសមត្ថភាព របស់ខ្លួន ក្នុងការផលិត UAV កំពុងតែកើនឡើង ពីមួយ ថ្ងៃ ទៅ មួយ ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមមេបញ្ជាការ ការសាកល្បងនាពេលថ្មីៗនេះ បានបង្ហាញថា UAVs របស់អ៊ីរ៉ង់ មិនត្រឹមតែអាចបំពេញបេសកកម្មឈ្លបយកការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយលុកគោលដៅ ដោយអាវុធច្បាស់លាស់ទៀតផង។

ក្នុងអំឡុងពេលសមយុទ្ធរយៈពេលពីរថ្ងៃកាលពីខែមុន កងទ័ពអ៊ីរ៉ង់ បានសាកល្បង UAVs ផលិតក្នុងស្រុកជាច្រើនប្រភេទ ដោយប្រើពួកវា ដើម្បីវាយប្រហារគោលដៅចំអក ជាមួយនឹងអាវុធច្បាស់លាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top