គៀវ៖ អ៊ុយក្រែន ដែលបានរាយការណ៍ថា បានបាញ់ឲ្យលិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿង កាលពីខែមិថុនា ជាមួយនឹងអាវុធដែលផ្គត់ផ្គង់ ដោយលោកខាងលិច ក្រោយពីបានទទួលការហ្វឹកហ្វឺន ដែលឧបត្ថម្ភដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាលពីមួយ ឬពីរសប្តាហ៍មុន នេះបើយោងតាមអនុរដ្ឋលេខាធិការ ការពារជាតិ សម្រាប់ការទិញយក និងនិរន្តរភាព។
នៅពេលថ្លែងនៅក្នុង សន្និសីទសារព័ត៌មានការពារជាតិ កាលពីថ្ងៃពុធ លោកបណ្ឌិត William LaPlante បានលើកឡើងថា អ៊ុយក្រែនត្រូវបានផ្តល់ ឱ្យនូវមីស៊ីលប្រឆាំងនាវា Harpoon ដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលលោកមិនបានបញ្ជាក់ ពីទំហំនោះទេ។
កញ្ចប់ជំនួយអ៊ុយក្រែន ១ពាន់លានដុល្លារ ដែលមន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី១៥ ខែមិថុនា រួមមានប្រព័ន្ធការពារឆ្នេរ Harpoon ចំនួនពីរ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ក៏បានប្រកាស កាលពីខែឧសភាថា ដាណឺម៉ាក បានយល់ព្រមផ្តល់ឲ្យអ៊ុយក្រែននូវកាំជ្រួច Harpoon និងឧបករណ៍បាញ់បង្ហោះ។
លោក LaPlante បានបន្ដថា កាំជ្រួចមីស៊ីល ដែលមានមូលដ្ឋានលើកប៉ាល់ ត្រូវបានគេយកចេញពីកប៉ាល់ របស់សម្ព័ន្ធមិត្ត ដែលមិនស្គាល់អត្តសញ្ញាណ ហើយបានកែប្រែ ដើម្បីឱ្យពួកគេអាចបាញ់ចេញ ពីឡានដឹកទំនិញរាបស្មើ នេះសារព័ត៌មាន Defense News។
លោកបានលើកឡើងថា “បាននាំជនជាតិអ៊ុយក្រែន មកហ្វឹកហាត់នៅលើនោះនៅថ្ងៃ Memorial Day នៅចុងសប្តាហ៍នៅក្នុងប្រទេសរបស់យើង ហើយនៅក្នុងសប្តាហ៍បន្ទាប់ នាវារុស្ស៊ីពីរគ្រឿង ត្រូវបានបាញ់ឲ្យលិច”៕ ប្រែសម្រួល ឈូក បូរ៉ា
