ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ពលរដ្ឋ ១៤នាក់ស្លាប់ និង២៦នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍ លិចទូកនៅភាគខាងជើងប្រេស៊ីល

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន ១៤នាក់ បានបាត់បង់ជីវិត និង២៦នាក់បានបាត់ខ្លួន បន្ទាប់ពីទូក១គ្រឿង បានលិចកាលពីព្រឹក ថ្ងៃព្រហស្បតិ៍នៅជិតទីក្រុង Belem រដ្ឋធានីនៃរដ្ឋ Para ភាគខាងជើងនៃប្រទេសប្រេស៊ីល ។

ទូកកំពុងធ្វើដំណើររវាង Camara នៅកោះ Marajo និងក្រុង Belem នៅគ្រាដែលវាបានលិចនៅជិតឆ្នេរ Saudade នៅកោះ Cotijuba ។ មូលហេតុនៃគ្រោះថ្នាក់នេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។

លេខាធិការដ្ឋានសន្តិសុខសាធារណៈ ហៅកាត់ (Segup)បានឲ្យដឹង ទូកនេះមិនត្រូវបានអនុញ្ញាតឱ្យដឹកអ្នកដំណើរ និងបានចេញដំណើរទៅកាន់ សមុទ្រពីកំពង់ផែសម្ងាត់មួយ ។

ក្រុមអ្នកពន្លត់អគ្គីភ័យបាន ចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដោយមានជំនួយពីអ្នកមុជទឹក ទូកចំនួន៩គ្រឿង និងឧទ្ធម្ភាគចក្រ ដើម្បីស្រង់យកសាកសព និងស្វែងរកទីតាំងជនរងគ្រោះ ដែលបាត់ខ្លួនទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top