អ្នកថតរូប Jane Barlow អ្នកដែលបានធ្វើការ នៅសមាគមសារព័ត៌មានរយៈពេល ៦ឆ្នាំមកហើយនោះ បានទទួលឱកាសពិសេសអស្ចារ្យ ដោយបានចូលផ្ដិតយករូបភាព ព្រះមហាក្សត្រិយ៍ Elizabeth II ស្របពេលទ្រង់ កំពុងរង់ចាំការមកដល់ របស់នាយករដ្ឋមន្ត្រី របស់ចក្រភពអង់គ្លេសថ្មី គឺលោកស្រី Liz Truss។

មេដឹកនាំថ្មីរូបនេះ បានធ្វើដំណើរឡើងទៅ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រិយ៍ ក្នុងទីក្រុង Balmoral ជាលើកដំបូងសម្រាប់កិច្ចសន្ទា ហើយក៏ជាការចួបលើកចុងក្រោយរបស់ពួកគេ ក្នុងនាមជាអ្នកគ្រប់គ្រង និងជានាយករដ្ឋមន្ត្រីផងដែរ។

ស្របពេលកំពុងរង់ចាំការមកដល់របស់ លោកស្រីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រិយ៍ និងអ្នកថតរូបក៏បានជជែកគ្នាលេងពីនេះពីនោះ។ អ្នកថតរូបបានប្រាប់ថា៖ «ខ្ញុំបានទទួលស្នាមញញឹមច្រើនណាស់ពីព្រះអង្គ»។
ដោយឡែក មុននឹងចេញពីបន្ទប់ ពេលនាយករដ្ឋមន្ត្រីមកដល់ Jane អ្នកថតរូបដ៏ចំណាន ក៏បានចាប់កាមេរ៉ា ផ្ដិតយករូបភាព ព្រះមហាក្សត្រិយ៍ ដែលនោះហើយជារូបលើកចុងក្រោយដែល ព្រះអង្គ ត្រូវបានមហាជនឃើញជាសាធារណៈ។
អ្នកថតរូបដដែលបានឲ្យដឹងទៀតថា៖ «ខ្ញុំបានទទួលយោបល់ដ៏សែនកក់ក្ដៅបំផុតពីរូបភាព។ វាពិតជាមហាកិត្តយសណាស់»។
នាងនៅបានបន្តថា៖ «ខ្ញុំបាននៅទីនោះ ដើម្បីផ្ដិតយករូបភាពសម្រាប់ជំនួបជាមួយនឹង នាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែសម្រាប់ខ្ញុំ រូបភាពដែលល្អឥតខ្ចោះ គឺជារូបភាពដែលព្រះមហាក្សត្រី ទ្រង់ថតតែអង្គឯង ហើយពេលនេះវាក៏ជារូបដ៏សំខាន់បំផុតដែរ»។

Jane នៅបានបញ្ជាក់ដែរថា នៅថ្ងៃនោះ ព្រះមហាក្សត្រិយ៍ មានសភាពដូចជាខ្សោយណាស់ ពោលគឺខ្សោយជាងរាល់ដងដែលនាងបានថតរូបឲ្យទ្រង់ កាលពីរដូវក្ដៅកន្លងទៅថ្មីៗ។
ទោះជាយ៉ាងណា ព្រះមហាក្សត្រិយ៍ ក៏មានបញ្ហាក្នុងការផ្លាស់ប្ដូរ (ពិបាកដើរ) មួយរយៈដែរ ហើយប្រជាជនពិតជាមានការបារម្ភខ្លាំងដែរនៅពេលនោះ។ បន្ទាប់ពីឃើញរូបភាពរបស់ Jane ហើយ ម្នាក់ៗក៏រឹតតែភ្ញាក់ផ្អើល ពេលឃើញព្រះហស្ថរបស់ទ្រង់ មានពណ៌ជាំខ្មៅ។

រហូតដល់ល្ងាច ថ្ងៃព្រហស្បត្តិ៍ ខ្ទង់ម៉ោង ៦:៣០នាទី ព្រះរាជវាំង BUKINGHAM ក៏បានប្រកាសជាសាធារណៈថា ព្រះមហាក្សត្រិយ៍ បានយាងសោយព្រះពិរាល័យហើយ ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា៕ Source: Sabay
