ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ព្រមានចាប់គ្រូបង្រៀន ដែលបង្រៀនកុមារក្រោមកម្មវិធីសិក្សារបស់រុស្ស៊ី ដាក់គុក

បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ បានបញ្ជាក់កាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានឃាត់ខ្លួនគ្រូបង្រៀនមួយចំនួននៅក្នុងតំបន់ Kharkov បន្ទាប់ពីបានកាន់កាប់ទីក្រុងជាច្រើននៅក្នុងការវាយលុកដ៏ធំមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីគឺលោកស្រី Irina Vereshchuk បានប្រាប់សារព័ត៌មានអ៊ុយក្រែន Strana ថា អ្នកដែលបង្រៀនកុមារក្នុងស្រុកក្រោមកម្មវិធីសិក្សារបស់រុស្ស៊ីឥឡូវនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Vereshuk បាននិយាយថា “ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងជាតិរបស់យើង” ដោយបន្ថែមថា “តុលាការនឹងកំណត់ … ការដាក់ទណ្ឌកម្មរបស់ពួកគេ” ។ លោកឧបនាយករដ្ឋមន្ត្រីបានចោទប្រកាន់គ្រូបង្រៀនដែលត្រូវបានឃុំខ្លួនថា បានចូលរួមក្នុង “សកម្មភាពខុសច្បាប់” ដោយមិនបានបញ្ជាក់ពីឧក្រិដ្ឋកម្មជាក់លាក់ណាមួយដែលពួកគេបានប្រព្រឹត្ត។ យោងតាមសារព័ត៌មាន Strana លោកស្រី Vereshchuk បាននិយាយថា ពួកគេអាចត្រូវបានចោទប្រកាន់ពីបទ “បំពានច្បាប់នៃសង្គ្រាម” ដែលជាការចោទប្រកាន់ដែលជាធម្មតាត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ្នកដែលចូលរួមក្នុងការធ្វើទារុណកម្ម ការសម្លាប់ជនស៊ីវិល និងការលួចប្លន់។

លោកស្រី ក៏បាន “ព្រមាន” ថា “ពលរដ្ឋរុស្ស៊ី” ដែលបានមកដល់នៅក្នុងអ្វីដែលលោកស្រីហៅថា “កាន់កាប់ទឹកដីអ៊ុយក្រែនជាបណ្តោះអាសន្ន” ថាពួកគេ “នឹងប្រឈមមុខនឹងការផ្តន្ទាទោសប្រសិនបើពួកគេចាកចេញពីទឹកដីរបស់យើងភ្លាមៗ” ៕

Most Popular

To Top