បរទេស ៖ យោងតាមការចេញ ផ្សាយដោយកាសែត Financial Times កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត កំពុងស្ថិតនៅ ក្នុងការពិភាក្សាគ្នាថា តើគួរតែបញ្ជូនអាវុធបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ឬយ៉ាងណា នាពេលខាងមុខ ជាពិសេសយន្តហោះចម្បាំង ។
សារព័ត៌មានរបស់អង់គ្លេស កាលពិថ្ងៃអង្គារម្សិលមិញនេះ ក៏បានចេញផ្សាយដែរថា ក្រុមបណ្តាប្រទេសលោកខាងលិច ចាប់ផ្តើមធ្វើការពិចារណាបែបនេះ នៅក្រោយពេលដែលអ៊ុយក្រែន កាលពីសប្តាហ៍ មុនបានធ្វើការវាយលុក កាន់កាប់យកបានតំបន់ជាច្រើន នៅរដ្ឋ Kharkov មកពីរុស្សីវិញបានយ៉ាងជោគជ័យ ។
មិនត្រឹមតែប៉ុណ្ណោះសម្ព័ន្ធមិត្ត ក៏នឹងពិភាក្សាអំពីតំរូវការរយៈពេលវែង របស់អ៊ុយក្រែនផងដែរ ដោយក្នុងនោះក៏នឹងអាចមានការបញ្ចូនយន្តហោះចម្បាំង ជាច្រើនគ្រឿងបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន ផងដែរ។
គួរឲ្យដឹងដែរថា កន្លងមកប្រទេសលោកខាងលិចមួយចំនួន តែងតែបានបដិសេធ មិនព្រមផ្គត់ផ្គង់យន្តហោះចម្បាំង ឲ្យអ៊ុយក្រែនឡើយដោយអះអាងថា មានការលំបាក ក្នុងការហ្វឹកហាត់ ពីឡុតជា អ្នកបើកយន្តហោះនិង បញ្ហាហ្វឹកហាត់ជាមួយនឹងមុខងារ និងបច្ចេកវិទ្យាទំនើប របស់យន្តហោះទាំងនោះផង៕
ប្រែសម្រួល៖ស៊ុនលី