ព័ត៌មានអន្តរជាតិ

ឥណ្ឌាសម្តែង ការព្រួយបារម្ភ ពេលអាមេរិក ផ្តល់ជំនួយយោធា ដល់ប៉ាគីស្ថាន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា លោកបានលើកឡើង ពីការព្រួយបារម្ភ អំពីកញ្ចប់ថែទាំថ្មីៗរបស់សហរដ្ឋអាមេរិក សម្រាប់យន្តហោះ ចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេល ដែលលោកសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Singh បាននិយាយថា លោកមានការហៅទូរស័ព្ទ ប្រកបដោយភាព “កក់ក្តៅ និងផលិតភាព” ជាមួយលោក Austin ក្នុងអំឡុងពេលនោះ ភាគីទាំងពីរ បានពិភាក្សាគ្នា អំពីផលប្រយោជន៍យុទ្ធសាស្ត្ររួម និងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខ ។ លោកបានបន្ថែមថា លោកបានបង្ហាញ ការព្រួយបារម្ភរបស់ឥណ្ឌា ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកថ្មីៗនេះ ក្នុងការផ្តល់កញ្ចប់ទ្រទ្រង់ សម្រាប់កងយន្តហោះ F-16 របស់ប៉ាគីស្ថាន។

ចំណែកអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាស កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹង លក់កញ្ចប់ “សេវាថែទាំ និងទ្រទ្រង់” ចំនួន 450 លានដុល្លារ ដល់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីពន្យារអាយុជីវិត របស់យន្តហោះចម្បាំង F-16 ដែលផលិត ដោយអាមេរិកប្រហែល 85 គ្រឿងរបស់កងទ័ពអាកាសប៉ាគីស្ថាន ។ យន្តហោះទាំងនេះត្រូវបានបញ្ជូន ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងផ្នែកជាច្រើន ដែលចាប់ផ្តើមនៅក្នុងឆ្នាំ 1983 ។

លោក Price បាននិយាយថា ការលក់នេះនឹង “ទ្រទ្រង់ សមត្ថភាពរបស់ប្រទេសប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹង ការគំរាមកំហែងប្រឆាំងភេរវកម្ម នាពេលបច្ចុប្បន្ន និងអនាគត”។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ាគីស្ថាន ត្រូវបានចោទប្រកាន់ ជាយូរមកហើយថា បានជួយសម្រួលដល់អំពើភេរវកម្ម ហើយរដ្ឋបាល Trump ក្នុងឆ្នាំ 2018 បានផ្អាកកញ្ចប់ជំនួយយោធា ជាច្រើនដល់ទីក្រុង Islamabad សរុបជិត 2 ពាន់លានដុល្លារ ជុំវិញការបរាជ័យ ដែលត្រូវបានចោទប្រកាន់ របស់រដ្ឋាភិបាលប៉ាគីស្ថានក្នុងការទប់ស្កាត់ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន និងក្រុមភេរវករ បណ្តាញ Haqqani ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top