បាងកក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបាននិយាយថា តុលាការកំពូលរបស់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការប្តឹងតវ៉ាចុងក្រោយ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក នៃក្រុមហ៊ុនរថយន្តយក្ស Toyota ជុំវិញជម្លោះច្បាប់ពន្ធនាំចូល ចំនួន ២៧០លានដុល្លារ បន្ទាប់ពីជម្លោះផ្លូវច្បាប់ អស់មួយទសវត្សរ៍។
ករណីនេះទាក់ទងនឹងការ នាំចូលគ្រឿងបន្លាស់របស់ Toyota Motor Thailand សម្រាប់ម៉ូដែល Prius របស់ខ្លួនក្នុងអត្រាពន្ធ កាត់បន្ថយចន្លោះឆ្នាំ ២០១០ ដល់ ២០១២ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មជប៉ុន-ថៃ។ អាជ្ញាធរថៃបាននិយាយថា ការនាំចូលរបស់ Toyota មិនត្រូវបានរាប់បញ្ចូល ក្នុងកិច្ចព្រមព្រៀងនោះ ហើយប៉ាន់ស្មានថា ក្រុមហ៊ុនជំពាក់ប្រាក់ប្រហែល ១០ ពាន់លានបាត (២៧០ លានដុល្លារ)។
ចំណែកតុលាការពន្ធដារកណ្តាល របស់ប្រទេសបានកាត់ក្តីឲ្យក្រុមហ៊ុន Toyota នៅឆ្នាំ ២០១៧ការសម្រេចចិត្តនេះ ត្រូវបានលុបចោល។ កាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលបានចេញ សេចក្តីសម្រេចចុងក្រោយមួយ ប្រឆាំងនឹងក្រុមហ៊ុន Toyota ដោយបញ្ជាក់ថា ក្រុមហ៊ុនមិនមានសិទ្ធិទទួលបាន ការកាត់បន្ថយពន្ធនាំចូល ៣០ ភាគរយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Toyota Motor Thailand បាននិយាយថា ខ្លួនគោរពសេចក្តីសម្រេច របស់តុលាការកំពូល។ ប៉ុន្តែវាបានកត់សម្គាល់ថា សេចក្តីសម្រេចគយឆ្នាំ ២០១២ ក្រោយមកត្រូវបានតម្កល់ ដោយតុលាការកំពូល ហើយបានបកស្រាយឡើងវិញ នូវច្បាប់នាំចូលបានព្រមព្រៀងគ្នា ពីមុនបណ្តាលឲ្យមានពន្ធខ្ពស់លើ TMT ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅពេល TMT បានទទួលសេចក្តីសម្រេច ជាលាយលក្ខណ៍អក្សរពេញលេញ របស់តុលាការកំពូល យើងនឹងសិក្សាសេចក្តីសម្រេចនេះ ហើយអនុវត្តតាមតម្រូវការរបស់វា ។ ក្រុមហ៊ុនបានបន្ថែមថា យើងប្តេជ្ញាធានាថាការអនុវត្តអាជីវកម្មរបស់យើង គោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលអាចអនុវត្តបានទាំងអស់ ៕ ដោយ៖លី ភីលីព