បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃចន្ទថា លោកត្រូវបាន “ចាក់ពីខាងក្រោយ” ដោយទាហានជំនាញ ដែលធ្វើរដ្ឋប្រហារកាលពី ១៩ ឆ្នាំមុន ដែលបានធ្វើឱ្យប្រទេសថៃ ខាតបង់ឱកាសក្នុងការអភិវឌ្ឍន៍។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហោះនៅលើ Facebook នៅថ្ងៃគម្រប់ខួប នៃការកាន់កាប់យោធាឆ្នាំ ២០០៦ ដឹកនាំដោយមេទ័ព Sonthi Boonyaratglin ដែលពេលនោះ លោក ថាក់ស៊ីន បានចេញបញ្ជីឱកាស ដែលលោកបាននិយាយថា ប្រទេសថៃបានខាតបង់ដោយសារតែរដ្ឋប្រហារ។
លោកក៏បានសរសេរអំពីរដ្ឋប្រហារ ដែលបានកើតឡើង ខណៈពេលដែលលោកកំពុងចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា “ខ្ញុំត្រូវបានគេខាំពីខាងក្រោយ ដោយអ្នកដែលបានហៅខ្លួនឯងថា ជាទាហានអាជីព” ។
លោក ថាក់ស៊ីន បានសរសេរទៀតថា “ខ្ញុំសោកស្ដាយប្រទេស ដែលបាត់បង់រឿងវិជ្ជមាន ដែលគួរតែកើតឡើង ប៉ុន្តែនៅទីបំផុត បែរជាទៅជាអវិជ្ជមានទៅវិញ។
លោកបានរាយបញ្ជីសសរស្តម្ភ នៃការរីកចម្រើនចំនួន ១០ ដែលថៃបានបាត់បង់ដោយសាររដ្ឋប្រហារឆ្នាំ ២០០៦ ដូចជា៖
– កេរ្តិ៍ឈ្មោះរបស់ប្រទេស និងទំនុកចិត្តក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។
– ការអភិវឌ្ឍន៍វិស័យអប់រំ បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម។
– ការលុបបំបាត់ភាពក្រីក្រ “មិនគួរមានប្រជាជនក្រីក្រទៀតទេនៅក្នុងប្រទេសថៃ”។
– ឱកាសសម្រាប់ជនជាតិថៃ។ “ឥឡូវនេះ ប្រជាជនថៃមិនឃើញអនាគតល្អជាងនេះទេ។ ពួកគេគ្រាន់តែធ្វើការ និងរស់នៅសម្រាប់ថ្ងៃនេះ។ ប្រាក់ចំណូលរបស់ពួកគេ គឺទាបជាងប្រទេសដទៃទៀតក្នុងកម្រិតអភិវឌ្ឍន៍ដូចគ្នា»។
– អាកាសយានដ្ឋានសុវណ្ណភូមិក្លាយជាមជ្ឈមណ្ឌល អាកាសចរណ៍អន្តរជាតិ។ ដោយមើលឃើញទីតាំងភូមិសាស្ត្រនយោបាយយើងគួរតែស្ថិតនៅកណ្តាលអាស៊ាន។
– កុមារថៃជៀសផុតពីគ្រឿងញៀន ប៉ុន្តែឥឡូវនេះ ថ្នាំញៀនអាចទិញបានស្រួលជាងទិញស្ករគ្រាប់»។
– ការពារទឹកជំនន់។ «ប្រទេសនេះបានរងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ដោយសារតែរដ្ឋាភិបាលបរាជ័យ ក្នុងការគ្រប់គ្រងធនធានទឹកជាប្រព័ន្ធ»។
– ការិយាធិបតេយ្យថៃទំនើប។ «ឥឡូវនេះ ប្រជាពលរដ្ឋត្រូវអង្វរមន្ត្រីឲ្យមានសេវា»។
– ប្រទេសមួយបានរួចផុតពីបំណុល។ លោកបន្តថា៖ «ប្រទេសថៃត្រូវខ្ចីប្រាក់បន្ថែមទៀត ដោយសារការគ្រប់គ្រងមិនបានល្អដែលមានន័យថា ពិដានបំណុលសាធារណៈ ត្រូវតែលើកឡើង។ បំណុលគ្រួសារបានកើនឡើងខ្ពស់ ដែលប្រជាជនពិបាកក្នុងការសងបំណុល»៕ ប្រែសម្រួលៈ ណៃ តុលា