ព័ត៌មានអន្តរជាតិ

Update៖ ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសដល់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឲ្យនៅជាប់ពន្ធនាគារត្រឹមតែ១ឆ្នាំប៉ុណ្ណោះ

រូបភាពពី៖​ AFP

បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថាព្រះបាទ មហា វិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រថៃ បានបន្ធូរបន្ថយការជាប់ពន្ធនាគាររយៈពេល៨ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹមនៅត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រោយពីមានការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ។

ព្រះរាជសារបានដាក់ថា “ការរួមចំណែករបស់លោក ថាក់ស៊ីន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីបានផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជន ។ គាត់បានទទួលយកកំហុសនៃឧក្រិដ្ឋកម្មរបស់គាត់ ហើយបានបង្ហាញវិប្បដិសារី” ដោយបានមានព្រះបន្ទូលថា “គាត់កំពុងឈឺ ហើយត្រូវការការព្យាបាលពីគ្រូពេទ្យឯកទេស” ។

អតីតនាយករដ្ឋមន្ត្រីអាយុ៧៤ឆ្នាំរូបនេះបានបញ្ចប់ការនិរទេសខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ហើយបានធ្វើមាតុភូមិនិវត្តន៍មកាន់ប្រទេសថៃឡង់ដ៏ វិញកាលពី១០ថ្ងៃមុន ប៉ុន្តែភ្លាមៗនោះត្រូវបានគេឃុំខ្លួន និងប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំលើបទចោទប្រកាន់ជាច្រើនករណី ។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្រោយពេលគាត់ត្រឡប់មកវិញ គាត់ត្រូវបានផ្ទេរពីពន្ធនាគារក្រុងបាងកកទៅមន្ទីរពេទ្យដោយសារបញ្ហាសុខភាព ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦ ប៉ុន្តែបាននិរទេសខ្លួនឯងនៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០០៨ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top