ព័ត៌មានអន្តរជាតិ

ជប៉ុន-ហ្វីលីពីន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការសន្ដិសុខ ចំពេលមានការកើនឡើង នូវឥទ្ធិពលរបស់ចិន

ញូវយ៉ក៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យដូចជាសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។

 នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងបញ្ហាទាក់ទង នឹងសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងញូវយ៉ក ចំពេលមានការអះអាង ដែនសមុទ្រកើនឡើងរបស់ចិន។

លោក Kishida និងលោក Marcos ដែលបានជួបក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហានៃ “ការបង្ខិតបង្ខំសេដ្ឋកិច្ច” ដែលជាឃ្លា ដែលតែងតែប្រើជាការរិះគន់ លាក់បាំងអំពីការប្រើប្រាស់ប្រាក់ឧបត្ថម្ភឧស្សាហ៍កម្ម យ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំង ដើម្បីឱ្យប្រទេសផ្សេងទៀត ធ្វើសម្បទាន។

 កិច្ចពិភាក្សានេះ គឺជាកិច្ចប្រជុំកំពូលដោយផ្ទាល់លើកដំបូង រវាងជប៉ុន និងហ្វីលីពីន ចាប់តាំងពីមេដឹកនាំហ្វីលីពីនបច្ចុប្បន្ន ដែលជាកូនប្រុស របស់មេដឹកនាំផ្តាច់ការហ្វីលីពីន Ferdinand Marcos បានចូលកាន់តំណែង កាលពីចុងខែមិថុនា បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតី។

 ប្រទេសចិន តែងតែបញ្ជូនកប៉ាល់ ទៅកាន់សមុទ្រចិនខាងកើត ដើម្បីរុករកដែនទឹកនៅជិតប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះ Diaoyu ។  ចិន​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដី​ជាមួយ​ហ្វីលីពីន និង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូងផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top