ព័ត៌មានអន្តរជាតិ

អាមេរិក៖ អ៊ុយក្រែន មានសិទ្ធប្រើប្រាស់អាវុធ របស់លោកខាងលិច ក្នុងតំបន់ដែលកាន់កាប់ដោយរុស្សី

បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គឺគ្មានអ្វីជាបញ្ហាឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងគៀវ នឹងប្រើប្រាស់អាវុធដែលបានផ្តល់ឲ្យ ដោយលោកខាងលិចក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងរុស្សី នៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ ដោយកងកម្លាំងរុស្សីនោះ។

ថ្លែងទៅកាន់សន្និសិទកាសែតមួយ កាលពីថ្ងៃអង្គារម្សិលមិញ ជាមួយនឹងសមភាគីឥណ្ឌា លោករដ្ឋមន្ត្រីការបរទេស Subrahmanyam Jaishankar នៅក្នុងទីក្រុងវ៉ាស៊ិនតោនលោក Blinken បានឆ្លើយតបថាអ៊ុយក្រែន គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការប្រើប្រាស់អាវុធ ដែលត្រូវបានផ្តល់ឲ្យដោយអាមេរិក និងលោកខាងលិច ក្នុងការប្រយុទ្ធជាមួយនឹងរុស្សី ទាំងនៅក្នុងតំបន់ Donetsk, Lugansk, Zaporozhye និង Kherson ផង។

លោក Blinken បានពោលបែបនេះថា៖ យើងមិនដែលចាត់ទុកថាតំបន់ ដែលត្រូវបានកាន់កាប់ដោយរុស្សីទាំងនោះ គឺជាឧបសម្ព័ន្ធស្របច្បាប់របស់រុស្សីឡើយ ដូច្នេះអ៊ុយក្រែនមានសិទ្ធគ្រប់គ្រាន់ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។

គួរឲ្យដឹងដែរថាចាប់តាំងតែថ្ងៃសុក្រមកប្រទេសរុស្សី បានដំណើរការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ដែលកាន់កាប់ទាំង៤ ដើម្បីអនុញ្ញាតិឲ្យពលរដ្ឋក្នុងការជ្រើសរើសយក ចូលរួមជាមួយនឹងរុស្សីតាមផ្លួវច្បាប់ ខណៈដែលប្រធានាធិបតីរុស្សី លោក Putin បានបញ្ជាក់ថាកិច្ចការងារការពារសន្តិសុខ នៅក្នុងតំបន់គឺជាកិច្ចការងារចាំបាច់បំផុត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top