ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយ នៅឯសាលារៀនក្នុង ប្រទេសរុស្ស៊ី បណ្តាលឲ្យស្លាប់មនុស្សតិច បំផុត១៥នាក់ 

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបង្ហាញថា អ្នកស៊ើបអង្កេតបានធ្វើការនៅកន្លែងកើតហេតុនៃការវាយប្រហារដោយការបាញ់ប្រហារនៅសាលារៀនមួយកន្លែងនៅក្នុងទីក្រុង Izhevsk កាលពីថ្ងៃទី២៦ ។

ក្រុមអ្នកស៊ើបអង្កេតបាន កំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារថា មានឈ្មោះ Artem Kazantsev កើតនៅឆ្នាំ១៩៨៨ មានដើមកំណើតនៅ Izhevsk និងបានបញ្ចប់ការសិក្សានៅក្នុងសាលានេះ ។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់ ក្នុងនោះមានកុមារចំនួន១១នាក់ នៅក្នុងការបាញ់ប្រហារនៅសាលាមួយក្នុងទីក្រុង Izhevsk របស់រុស្ស៊ី កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ។

យោងតាមគណៈកម្មាធិការនេះ កុមារចំនួន២២នាក់ និងមនុស្សពេញវ័យ២នាក់បានរងរបួសក្នុងការវាយប្រហារនៅសាលាលេខ៨៨ ដែលមានទីតាំងនៅជិតអគាររដ្ឋបាលទីក្រុង Izhevsk ដែលជារដ្ឋធានីនៃសាធារណរដ្ឋ Udmurt ភាគខាងលិចនៃប្រទេសរុស្ស៊ី ។

គេបានរាយការណ៍នៅមុននេះថា មនុស្ស១៣នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសក្នុងការបាញ់ប្រហារនេះ ។

គណៈកម្មាធិការបានឲ្យដឹងថា Kazantsev បាននាំយកកាំភ្លើងខ្លី២ដើម និងប្រអប់ព្រីនមួយចំនួនធំមកជាមួយ ហើយបានធ្វើអត្តឃាតបន្ទាប់ពីការវាយប្រហារ ។

សូមបញ្ជាក់ថា សាលានេះមានសិស្ស៩៨២នាក់ និងគ្រូ៨០នាក់ ហើយពួកគេត្រូវបានជម្លៀសចេញ ។

វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះសោកនាដកម្មនេះ ។

អភិបាលនៃសាធារណរដ្ឋ Udmurt បានប្រកាសកាន់ទុក្ខរយៈពេក៣ថ្ងៃដោយគិតចាប់ពីថ្ងៃចន្ទ ៕ ម៉ៅ បុប្ផាមករា

Most Popular

To Top