ព័ត៌មានអន្តរជាតិ

Update៖ វិមានក្រឹមឡាំង ព្រមានលោកខាងលិច ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីដែលខ្លួនគ្រប់គ្រង

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរដែលលើកបន្តុប ដោយវិមានក្រឹមឡាំង នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានទាមទារជ័យជម្នះកាលពីថ្ងៃអង្គារ ក្នុងការបោះឆ្នោតជាឧបសម្ព័ន្ធ ដែលទាក់ទាញការខឹងសម្បារជាសកល ខណៈដែលក្រុងម៉ូស្គូបានព្រមានថា ខ្លួនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដី ។

ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរិហារ ទៅលើការបោះឆ្នោតប្រជាមតិថា ជាការក្លែងបន្លំ ដោយលើកឡើងថាលោកខាងលិច នឹងមិនទទួលស្គាល់លទ្ធផលនៃសន្លឹកឆ្នោត ដែលបានកំណត់យ៉ាងសំខាន់ នូវការឈ្លានពានរបស់រុស្ស៊ីរយៈពេល៧ខែនេះនោះទេ ។

អាជ្ញាធរគាំទ្ររុស្ស៊ីនៅទីក្រុង Zaporizhzhia បានលើកឡើងថា ៩៣.១១ភាគរយនៃអ្នកបោះឆ្នោតគាំទ្រ ការចូលរួមក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមលទ្ធផលបឋម កាលពីល្ងាចថ្ងៃអង្គារ ។

នៅទីក្រុង Kherson ដែលជាតំបន់កាន់កាប់ដោយម៉ូស្គូមួយទៀត នៅភាគខាងត្បូងអ៊ុយក្រែន ក្រុមមន្ត្រីបានលើកឡើងថា អ្នកបោះឆ្នោតជាង៨៧.០៥ភាគរយ បានគាំទ្រការផ្លាស់ប្តូរនេះ បន្ទាប់ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់ ។

នៅក្នុងតំបន់ Luhansk ភាគខាងកើតដែលគ្រប់គ្រងដោយពួកបំបែកខ្លួន ដែលគាំទ្ររុស្ស៊ី អាជ្ញាធរក្នុងតំបន់បានអះអាងថា ជាង៩៨.៤២ភាគរយបានបោះឆ្នោតគាំទ្រ ការបញ្ចូលឧបសម្ព័ន្ធ នេះបើយោងតាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ដូច្នេះ ។

មន្ត្រីនៅក្នុងតំបន់ Donetsk ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ក៏បានអះអាងពីជ័យជម្នះផងដែរ ដោយស្ថាប័នស្ទង់មតិ ក្នុងតំបន់បានលើកឡើងថា ៩៩.២៣ភាគរយនៃការបោះឆ្នោត គឺសម្រាប់ការបញ្ចូលឧបសម្ព័ន្ធ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top