ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតី Zelensky ជួបសមភាគីបារាំង ដើម្បីសុំឲ្យបន្តគាំព្រដល់អ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយ លោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសបារាំង ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់ប្រទេសអ៊ុយក្រែន ។

នៅក្នុងកិច្ចប្រជុំនេះ លោក Zelensky បានថ្លែងអំណរគុណចំពោះប្រទេសបារាំង សម្រាប់ការគាំទ្ររបស់ខ្លួន លើបញ្ហានៃការផ្តល់ឋានៈជាបេក្ខជនសម្រាប់អ៊ុយក្រែន សម្រាប់សមាជិកភាពសហភាពអឺរ៉ុប និងបានសម្តែងការជឿជាក់ថា អ៊ុយក្រែននឹងឆ្ពោះទៅមុខតាមមាគ៌ា ឆ្ពោះទៅរកសមាហរណកម្មអឺរ៉ុប ។

លោក Zelensky ក៏បានសម្តែងការកោតសរសើរ ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ជំនួយរបស់គាត់ ក្នុងកិច្ចពិភាក្សាស្តីពីដំណើរទស្សនកិច្ច របស់បេសកកម្មទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ។

លោក Zelensky និងលោកស្រី Colonna ក៏បានពិភាក្សាអំពីជំនួយការពារជាតិ សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីផងដែរ ។

គួរបញ្ជាក់ថា លោកស្រី Colonna បានមកដល់ទីក្រុងគៀវ នៅមុនថ្ងៃសម្រាប់ដំណើរទស្សនកិច្ចលើកទី២ របស់លោកស្រីចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែននៅក្នុងខែកុម្ភៈ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top