ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អំពាវនាវ ឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន លុបបំបាត់ភាពតានតឹង នៅតំបន់ West Bank

ព្រុចសែល៖ មន្ត្រីសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប កំពុងខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank ។

លោក Shadi Othman អ្នកនាំពាក្យសហភាពអឺរ៉ុប ក្នុងទឹកដីប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា ប្លុកនេះកំពុងធ្វើការជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីភាពស្ងប់ស្ងាត់ ពីព្រោះវាមិនជាផលប្រយោជន៍ របស់ភាគីណាមួយ ក្នុងការរក្សាភាពតានតឹង ដែលអាចនាំឱ្យមានការផ្ទុះឡើង នៃជម្លោះនោះទេ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ តំបន់​West Bank បាន​ឃើញ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ រវាង​កងទ័ព​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពលរដ្ឋប៉ាឡេស្ទីនជាង ១០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីដើមខែមករា ដោយទាហានអ៊ីស្រាអែល រួមទាំងកុមារ និងស្ត្រី នេះបើយោងតាមស្ថិតិផ្លូវការរបស់ប៉ាឡេស្ទីន។

ទន្ទឹមនឹងនេះ ជនជាតិអ៊ីស្រាអែល ១៨នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែមីនា នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយជនជាតិប៉ាឡេស្ទីន នៅក្នុងទីក្រុងនានារបស់អ៊ីស្រាអែល។

ជាការតបស្នង អ៊ីស្រាអែល បានធ្វើការវាយឆ្មក់នៅក្នុងទីក្រុង Nablus និង Jenin នៅភាគខាងជើងតំបន់ West Bank ។ កងទ័ព​អ៊ីស្រាអែល​បាន​ឲ្យដឹងថា ការ​វាយឆ្មក់​នេះ​ផ្តោត​លើ​ជន​ប៉ាឡេស្ទីន ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ ប្រឆាំង​នឹង​អ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top