ព័ត៌មានអន្តរជាតិ

CIA អាមេរិក ដឹងជាមុនអំពីគម្រោង វាយប្រហារទៅលើបំពង់ប្រេង Nord Stream

ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានរាយការណ៍កាលពីថ្ងៃអង្គារថា CIA អាមេរិកបានព្រមានជាមុនទៅរដ្ឋាភិបាលទីក្រុងប៊ែកឡាំងអំពីការវាយប្រហារដែលអាចកើតមានលើបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិក កាលពីប៉ុន្មាន”សប្តាហ៍មុន” ។ ប្រទេសអាល្លឺម៉ង់កំពុងស្វែងរកចម្លើយផងដែរ បន្ទាប់ពីបំពង់បង្ហូរ Nord Stream របស់រុស្ស៊ីទាំងពីរត្រូវបានខូចខាត ហើយការលេចធ្លាយឧស្ម័នដ៏ធំមួយបានលេចចេញពីកោះ Bornholm របស់ប្រទេសដាណឺម៉ាក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តំរុយពីភ្នាក់ងារចារកម្មអាមេរិក “ទទួលបាននៅប៊ែរឡាំងក្នុងកំឡុងរដូវក្តៅ” ដោយសំអាងលើ “មនុស្សជាច្រើនដែលដឹងអំពីបញ្ហានេះ” ។ យ៉ាងណាក៏ដោយ ជាផ្លូវការ រដ្ឋាភិបាលសហព័ន្ធបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាទាក់ទងនឹងការស៊ើបអង្កេតនេះ នោះទេ។

សេវាសន្តិសុខអាល្លឺម៉ង់បច្ចុប្បន្នកំពុងពិនិត្យមើលរូបភាពផ្កាយរណបនៃតំបន់ដែលការផ្ទុះបានកើតឡើង ប៉ុន្តែឃើញតែការធ្វើចរាចរណ៍ជើងទឹក “តាមធម្មតា” នេះបើយោងតាម Spiegel ។ ពួកគេក៏ជឿជាក់ផងដែរថា មានតែតួអង្គរដ្ឋទេដែលអាចធ្វើរឿងនេះបាន ដោយលើកឡើងថា “អ្នកមុជទឹក ឬនាវាមុជទឹកខ្នាតតូច” អាចដំឡើងមីន ឬគ្រឿងផ្ទុះនៅលើបំពង់បង្ហូរប្រេងបាន។

បំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ទាំងពីរស្រាប់តែបាត់បង់សម្ពាធកាលពីថ្ងៃចន្ទ។ អាជ្ញាធរដាណឺម៉ាកបានរាយការណ៍ពីការលេចធ្លាយឧស្ម័នចេញពីទីក្រុងកោះ Bornholm ខណៈពេលដែលក្រុមអ្នកជំនាញការរញ្ជួយដីស៊ុយអែតបានចុះបញ្ជីអំពីការផ្ទុះជាច្រើនបានកើតឡើង។ ប្រតិបត្តិករបំពង់បង្ហូរប្រេងបានបញ្ជាក់ថា ខ្សែឧស្ម័នជាច្រើនបានរងការខូចខាត “មិនធ្លាប់មានពីមុនមក” ហើយវាមិនអាចប៉ាន់ស្មានបានទេថានៅពេលណា ឬប្រសិនបើ សេវាអាចត្រូវបានស្ដារឡើងវិញនោះ៕

Most Popular

To Top