ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជូននាវាចម្បាំង Royal Navy ទៅកាន់សមុទ្រខាងជើង ដើម្បីការពារខ្សែកាបក្រោមទឹក ពីផលប៉ះពាល់ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream

ឡុងដ៌៖ ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធក្រោមទឹក បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរ Nord Stream នាវាចម្បាំង Royal Navy ត្រូវបានបញ្ជូនទៅសមុទ្រខាងជើង។

នៅក្នុងកិច្ចប្រជុំវិបត្តិនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ Ben Wallace បានពិភាក្សាអំពីការឆ្លើយតបផ្នែកសន្តិសុខ ដែលសម្របសម្រួល រួមទាំងការកើនឡើងវត្តមានដែនសមុទ្រផងដែរ។

ក្រសួងបានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ក្រុមនេះបានថ្កោលទោសការវាយប្រហារយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ប្រភពបានឲ្យដឹងថា “នាវាចម្បាំង Royal Navy មួយស្ថិតនៅក្នុងសមុទ្រខាងជើង ដោយធ្វើការជាមួយកងទ័ពជើងទឹកន័រវេស ដើម្បីធានាដល់អ្នកដែលធ្វើការនៅជិតបំពង់បង្ហូរឧស្ម័ន ដែលរងការវាយប្រហារខាងលើនេះ” ។

រុស្ស៊ី ត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារបំពង់បង្ហូរឧស្ម័ន Nord Stream ដែលនាំឱ្យមានការលេចធ្លាយមេតានយ៉ាងខ្លាំង។ នៅក្នុងនោះដែរ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានលើកឡើងថា ការផ្ទុះជាបន្តបន្ទាប់ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បំពង់បង្ហូរប្រេង គឺជា “សកម្មភាពនៃការបំផ្លិចបំផ្លាញ” យ៉ាងច្បាស់។

មុនពេលជួបជាមួយសមភាគីក្នុងកងកម្លាំងបេសកកម្មរួម លោក Wallace បានលើកឡើងថា រុស្ស៊ីមិនបង្កើត “អាថ៌កំបាំង” នៃសមត្ថភាពរបស់ខ្លួនក្នុងការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនោះទេ។

ថ្លែងនៅក្នុងសន្និសិទរបស់គណបក្សអភិរក្សកាលពីថ្ងៃអាទិត្យ រដ្ឋលេខាធិការការពារជាតិបានលើកឡើងថា “រដ្ឋ Nordic និងខ្លួនយើង គឺងាយរងគ្រោះយ៉ាងខ្លាំង ចំពោះមនុស្សដែលធ្វើអ្វីៗនៅលើខ្សែកាប និងបំពង់បង្ហូររបស់យើង”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top