ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការ ​CIA ឧត្តមសេនីយ៍ផ្កាយ៤ ព្រមានបោសសម្អាត ទ័ពរុស្សី បើពូទីនប្រើនុយក្លេអ៊ែរ

អតីតមេបញ្ជាការ CIA អាមេរិក ឧត្តមសេនីយ៍ផ្កាយ៤ David Petraeus បានព្រមានថា កងទ័ពអាមេរិក នឹងវាយប្រហារលើកងទ័ពរបស់រុស្សី ប្រសិនបើក្រុងមូស្គូ ហ៊ានប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

អតីតឧត្តមសេនីយ៍ ផ្កាយ៤ David Petraeus បានថ្លែងប្រាប់សារព័ត៍មាន ABC News ថា “ប្រាប់អ្នកទៅចុះ ពួកយើងនឹងឆ្លើយតបទៅសកម្មភាពរបស់រុស្សី ក្នុងករណីមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយដឹកនាំកងទ័ពណាតូ ដែលអាចឈានទៅដល់ការវាយប្រហារ បោសសម្អាតកងទ័ពរុស្សី នៅក្នុងសមរភូមិអ៊ុយក្រែន និង នៅក្នុងតំបន់គ្រីមៀ ហើយរួមទាំងនាវាចម្បាំងរបស់រុស្សី នៅក្នុងសមុទ្រខ្មៅផងដែរ” ។

ការព្រមានវាយប្រហារ បោសសម្អាតកងទ័ពរុស្សី នៅក្នុងសមរភូមិអ៊ុយក្រែន ពីសំណាក់អតីតមេបញ្ជាការ CIA អាមេរិក គឺដោយសារតែមេដឹកនាំរុស្សីលោកពូទីន និង មនុស្សជំនិតនៅក្បែរខ្លួនរបស់លោក គាំទ្រឱ្យមានការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ លើប្រទេសអ៊ុយក្រែន។ គួរឱ្យដឹងថាសង្គ្រាមឈ្លានពានរបស់រុស្សី បានអូសបន្លាយពេលជាច្រើនខែមកហើយ ដោយមកដល់ពេលនេះ វិមានក្រឹមឡាំង បានធ្វើការបោះឆ្នោតប្រជាមតិ កាត់យកទឹកដីចំនួន ៤របស់អ៊ុយក្រែន ដែលប្រទេសនៅលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ បានប្រឆាំងដាច់ខាត ចំពោះសកម្មភាពមួយនេះ៕ Source: Sabay

Most Popular

To Top