ព័ត៌មានអន្តរជាតិ

មីស៊ីលផ្លោង របស់កូរ៉េខាងត្បូង មួយគ្រាប់ បាញ់បង្ហោះបរាជ័យ ត្រូវធ្លាក់លើមូលដ្ឋាន នៅភាគឦសាន របស់ប្រទេស

សេអ៊ូល ៖ មន្ត្រីយោធាម្នាក់បានឲ្យដឹងថា មីស៊ីលផ្លោងរបស់កូរ៉េខាងត្បូងមួយគ្រាប់ ដែលបានបាញ់ បង្ហោះកាលពីព្រឹកថ្ងៃពុធ ជាផ្នែក នៃការឆ្លើយតប របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការសាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើង កាលពីថ្ងៃមុន បានហោះខុសប្រក្រតី ហើយបានទម្លាក់នៅលើមូលដ្ឋាន នៅភាគឦសានរបស់ប្រទេស ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា មីស៊ីល Hyunmoo-2 បានធ្លាក់ក្នុងបរិវេណ នៃមូលដ្ឋាននៅ Gangneung ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រ ភាគឦសានរបស់ប្រទេស ដោយបានធ្វើឱ្យអ្នកស្រុក ភ្ញាក់ផ្អើល ដោយសំឡេងនៃការផ្ទុះ ។

ទន្ទឹមនឹងនេះ យោធាបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីល ពីដីទៅដីចំនួន ៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នាកាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល ផ្លោងរបស់កូរ៉េខាងជើង ដែលបានហោះពីលើប្រទេសជប៉ុន។

ការបាញ់បង្ហោះមីស៊ីលផ្លោងដំបូង របស់កូរ៉េខាងជើង ដែលហោះពីលើប្រជុំកោះជប៉ុនក្នុងរយៈពេល ៥ឆ្នាំបានទាក់ទាញការថ្កោលទោស យ៉ាងឆាប់រហ័សពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

មីស៊ីលនេះត្រូវបានគេវាយតម្លៃថា បានហោះបានចម្ងាយ ៤.៦០០ គីឡូម៉ែត្រ ដោយដាក់គោលដៅលើទឹកដីសហរដ្ឋអាមេរិកនៃកោះ Guam ជាទីដែលមូលដ្ឋាន យោធាសំខាន់ៗ ស្ថិតនៅ ក្នុងរយៈចម្ងាយ និងធ្វើឱ្យវាក្លាយជាការសាកល្បង មីស៊ីលរយៈចម្ងាយឆ្ងាយបំផុត មិនធ្លាប់មានដោយកូរ៉េខាងជើង៕

Most Popular

To Top