បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុតជាមួយនឹងព្រំដែនរវាងប្រទេសលីបង់ ក្រោយបានបដិសេធមិនព្រមទទួលយកសំណើរសម្របសម្រួល ពីអាមេរិកចំពោះបញ្ហាព្រំដែនរវាងគ្នានិងជាពិសេស ទៅលើព្រំដែននៃប្លុកប្រេងដែលភាគីទាំងពីរបានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។
បន្ទាប់ពីបានពិភាក្សាជាមួយ នឹងក្រុមការងារគ្រប់ជាន់ថ្នាក់ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់នូវបញ្ជាឲ្យកងកម្លាំងយោធាក្បែរតំបន់ ព្រមដែនត្រៀមរៀបចំខ្លួនរួចជាស្រេចសម្រាប់ករណី បន្ទាន់ណាមួយដែលភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសនោះនឹងឈានទៅដល់ការប្រើប្រាស់យោធារវាងគ្នា។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់អ៊ីស្រាអ៊ែលលោក Yair Lapid ត្រូវបាន Al Jazeera ប្រកាសថាបានបដិសេធនូវសំណើររបស់លីបង់និងអាមេរិកនោះផង ដោយលើកឡើងបែបនេះថា៖ អ៊ុស្រាអ៊ែលនឹងមិនទទួលយក នូវការសម្របសម្រួលណាមួយដែលធ្វើឲ្យប៉ះពាល់ និងបាត់បង់ប្រយោជន៍សម្រាប់សេដ្ឋកិច្ចនិងសន្តិសុខ របស់ប្រទេសរបស់ខ្លួនឡើយ៕
ប្រែសម្រួល៖ស៊ុនលី