ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ថាការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺដើម្បីការពារប្រឆាំងនឹងការគំរាមកំហែង ពីសហរដ្ឋអាមេរិក

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺដើម្បីការពារខ្លួនប្រឆាំងនឹងការគម្រាមកំហែង ដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ហើយមីស៊ីលទាំងនោះមិនបានប៉ះពាល់ ដល់សុវត្ថិភាពរបស់ប្រទេសជិតខាង និងតំបន់នោះទេ ។

គួររំលឹកថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន៦គ្រាប់ក្នុងរយៈពេល១២ថ្ងៃគិតត្រឹមសប្តាហ៍នេះ រួមទាំងការបាញ់មីស៊ីលរយៈចម្ងាយមធ្យមរំលង ពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឲ្យដឹងដោយដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ថា “ការធ្វើតេស្តមីស៊ីលរបស់យើងគឺជាវិធានការការពារ ស្វ័យការពារធម្មតាមួយដែលបានគ្រោងទុកដើម្បីការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់របស់យើងពីការគំរាមកំហែងដោយផ្ទាល់ពីយោធារបស់សហរដ្ឋអាមេរិក” ។

ការសាកល្បងមីស៊ីល “មិនបានបង្កការគំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល ក៏ដូចជាសុវត្ថិភាពនៃប្រទេសជិតខាង និងតំបន់នោះទេ ដោយការពិចារណាពេញលេញអំពីសុវត្ថិភាព អាកាសចរណ៍ស៊ីវិលជាមុន” ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានឲ្យដឹងថា សារនេះគឺឆ្លើយតបទៅនឹងក្រុមប្រឹក្សាអង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង សម្រាប់ការបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ដល់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើង “កំពុងសម្លឹងមើលយ៉ាងម៉ឺងម៉ាត់ចំពោះការអភិវឌ្ឍន៍នៃស្ថានភាពបច្ចុប្បន្ន ដែលគួរឱ្យព្រួយបារម្ភបំផុត” ទាក់ទងនឹងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ដែលដើរដោយថាមពលនុយក្លេអ៊ែរ ។

គេបានដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីក្រុងសេអ៊ូលបានវាយលុកយន្តហោះចម្បាំង ជាប្រតិកម្មទៅនឹងសមយុទ្ធទម្លាក់គ្រាប់បែកជាក់ស្តែង របស់កូរ៉េខាងជើង ៕

Most Popular

To Top