តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានថា សហរដ្ឋអាមេរិក និងអឺរ៉ុប កុំឱ្យពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះជាមួយនឹងកិច្ចចរចានុយក្លេអ៊ែរ ។
លោក Kanaani បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ថា “យើងជឿថា បញ្ហាផ្ទៃក្នុងគឺទាក់ទង ទៅនឹងរដ្ឋាភិបាល(អ៊ីរ៉ង់) និងប្រជាជនអ៊ីរ៉ង់ ហើយយើងមិនអនុញ្ញាត ឱ្យប្រទេសណាមួយ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់នោះទេ” ។
លោកបានឲ្យដឹងទៀតថា “គោលជំហរ និងទស្សនៈរបស់អ៊ីរ៉ង់ (លើកិច្ចចរចានុយក្លេអ៊ែរ) ត្រូវបានបង្ហាញជាច្រើនដង ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីបន្តក្នុងទិសដៅដូចគ្នា និងឈានដល់កិច្ចព្រមព្រៀងទូលំទូលាយ ដែលនឹងបំពេញផលប្រយោជន៍ របស់ភាគីទាំងអស់” ។
កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ហៅកាត់ (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុង Vienna ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នា ខាងនយោបាយរវាងទីក្រុងតេហរ៉ង់ និងក្រុងវ៉ាស៊ីនតោន។ ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល៥ខែ។
គួររំលឹកថា កាលពីថ្ងៃទី៨ ខែសីហា សហភាពអឺរ៉ុប បានដាក់ចេញអត្ថបទចុងក្រោយរបស់ខ្លួន នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវ JCPOA ។ ក្រោយមក ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទស្សនៈដោយប្រយោល លើសំណើរបស់សហភាពអឺរ៉ុប នៅក្នុងដំណើរការដែលរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបង្កើតលទ្ធផលណាមួយឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា