បរទេស ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គ្រោងនឹងហោះហើរយន្តហោះ ដែលមានសមត្ថភាពនុយក្លេអ៊ែរ ជាផ្នែកនៃសមយុទ្ធ “រារាំង” នៅសប្តាហ៍ក្រោយ នៅពេលដែលការព្រួយបារម្ភអំពីការ ប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីកើនឡើង។

សារព័ត៌មាន Associated Press បានរាយការណ៍ថា សមយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថា “Stadfast Noon” ត្រូវបានគ្រោង ទុក មុនពេលប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ហើយនឹងធ្វើឡើងជាចម្បងជាង ៦៣៥ ម៉ាយពីប្រទេសរុស្ស៊ី ។
វានឹងមានការចូលរួមពីសមាជិកណាតូ ចំនួន ១៤ ក៏ដូចជាយន្តហោះ ដែលមានសមត្ថភាពនុយក្លេអ៊ែរ យន្តហោះធម្មតា យន្តហោះស៊ើបការណ៍ និងយន្តហោះចាក់សាំងជាដើម។
សមយុទ្ធនេះកើតឡើង នៅពេលដែលការភ័យខ្លាចនៅតែបន្តកើនឡើងថា លោក ពូទីន អាចងាកទៅរកអាវុធនុយក្លេអ៊ែរ ប្រសិនបើយោធារបស់លោក ប្រឈមមុខនឹងការបរាជ័យ ក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យមានការជឿនលឿន គួរឱ្យកត់សម្គាល់ចាប់តាំងពីខែកញ្ញា ដណ្តើមយកទឹកដីរាប់ពាន់ ម៉ាយការ៉េនៃអតីតកាន់កាប់នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសមកវិញ ។

លោក ពូទីន បានសន្យាថាប្រទេសរុស្ស៊ីនឹង “ប្រើគ្រប់មធ្យោបាយក្នុងការកម្ចាត់សត្រូវរបស់យើង ដើម្បីការពារប្រទេសរុស្ស៊ី និងប្រជាជនរបស់យើង” ក្នុងអំឡុងពេលសុន្ទរកថាជាតិកាលពីខែមុន។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានអំពីសង្គ្រាមនុយក្លេអ៊ែរ កាលពីសប្តាហ៍មុន ដែលជាការទទួលស្គាល់ដោយផ្ទាល់បំផុតមួយរបស់រដ្ឋបាលរបស់លោក អំពីការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី។
អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បានថ្លែងសុន្ទរកថាអំពីពេលវេលានៃសមយុទ្ធនេះ នៅក្នុងការកត់សម្គាល់ ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ។
លោកបានលើកឡើងថា “វានឹងបញ្ជូនសញ្ញាខុសឆ្គងមួយ ប្រសិនបើភ្លាមៗនេះ យើងលុបចោលនូវលំហាត់ ដែលគ្រោងទុកជាទម្លាប់ និងយូរយារណាស់មកហើយ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន នោះជាសញ្ញាខុសក្នុងការបញ្ជូន”៕
ប្រែសម្រួល ឈូក បូរ៉ា
