គៀវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថា “នឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ដែលត្រូវការដើម្បីការពារខ្លួន” បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះ ទោះបីជាគេនៅមិនទាន់ដឹងថា ការគាំទ្រនោះនឹងមើលទៅដូចអ្វី ដែលថាជាទស្សនៈយោធាក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។

លោក បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃចន្ទ ដោយមិនបានបញ្ជាក់ច្បាស់ថា ប្រព័ន្ធការពារអាកាស នឹងក្លាយជាផ្នែកនៃជំនួយ បែបណាមួយក៏ដោយ។
នាពេលកន្លងមក សហរដ្ឋអាមេរិក បានផ្តល់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) និងឧបករណ៍ទប់លំនឹង ហើយគ្រោងនឹងបញ្ជូនប្រព័ន្ធមីស៊ីលលើផ្ទៃដី ទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិ (NASAMS)។
លោក Gabriela Iveliz Rosa Hernández សហការីស្រាវជ្រាវ នៅសមាគមគ្រប់គ្រងអាវុធ បានប្រាប់កាសែត Newsweek ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្តគោលនយោបាយផ្អែក លើការផ្តល់អាវុធដល់អ៊ុយក្រែន ដែល “ពាក់ព័ន្ធ សម្រាប់ការប្រយុទ្ធនាពេលបច្ចុប្បន្ន”។
លោក Hernandez បានលើកឡើងថា “អ៊ុយក្រែន បានស្វែងរកប្រព័ន្ធការពារ ដែនអាកាសជាយូរមកហើយ ដើម្បីការពារខ្លួនពីការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី” ។ “តាមទ្រឹស្តី អ៊ុយក្រែនអាចប្រើប្រាស់ ប្រព័ន្ធទំនើបៗជាច្រើនទៀត ដូចជាប្រព័ន្ធ Patriot ឬ Iron Dome ដើម្បីស្ទាក់ចាប់គ្រាប់រ៉ុក្កែត។
សម្ព័ន្ធមិត្តរបស់អង្គការណាតូ ក៏អាចព្យាយាមផ្តល់ប្រព័ន្ធប្រឆាំង យន្តហោះ S-300 បន្ថែមទៀត ដូចដែលពួកគេបានធ្វើ នៅក្នុងដំណាក់កាលដើមនៃ ជម្លោះព្រោះប្រជាជនអ៊ុយក្រែន ដឹងពីរបៀបប្រើប្រាស់ និងថែទាំប្រព័ន្ធទាំងនេះរួចហើយ”។
មន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់ CNN ថា សហរដ្ឋអាមេរិក នឹងបន្តជួយដល់អ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាស រយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ ជាថ្មីម្តងទៀត ដោយមិនរាប់បញ្ចូលព័ត៌មាន ជាក់លាក់ណាមួយឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

