បរទេស៖ ទីក្រុងគៀវ បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់អាវុធទំនើបបន្ថែមទៀត បន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ, នេះបើយោងតាមទស្សនាវដ្តី Foreign Policy ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លិខិតដែលផ្ញើដោយលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានស្នើសុំសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធការពារដែនអាកាស មីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង។
ទស្សនាវដ្តី Foreign Policy បានរាយការណ៍ថា សំបុត្រនេះបានបង្ហាញពីភាពជោគជ័យរបស់អ៊ុយក្រែនក្នុងការស្ទាក់ចាប់បានពាក់កណ្តាលនៃមីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃចន្ទ ហើយបានអំពាវនាវដល់ថ្នាក់ដឹកនាំសភាអាមេរិកដើម្បីពង្រឹងសមត្ថភាពរបស់ទីក្រុងគៀវ ដោយផ្តល់អាទិភាពដល់ការបញ្ជូនប្រព័ន្ធការពារដែនអាកាសទំនើបជាងនេះ។
សមាជិកសភាបានកំណត់យ៉ាងជាក់លាក់នូវប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម National Advanced Surface-to-Air Missile Systems (NASAMS) និង Land-Based Phalanx Weapon System (LPWS) ថា ជាការចាំបាច់សម្រាប់អ៊ុយក្រែន។ លោកបានសរសេរថា សព្វាវុធទំនើបទាំងនេះនឹងជួយប្រទេសអ៊ុយក្រែន ក្នុងការការពារ«វត្ថុសំខាន់បំផុត ជាពិសេសរោងចក្រថាមពល» ៕
ប្រែសម្រួលៈ ណៃ តុលា