ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការពិសេសមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំពីបទពុករលួយ សរុប ២៦ឆ្នាំ

រ៉ង់ហ្គូន៖ ប្រភពច្បាប់បានឲ្យដឆងថា តុលាការពិសេសដែលបង្កើតឡើង ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានកាត់ទោសមេដឹកនាំ ដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទពុករលួយ ដោយបន្ថែមពេលវេលាសរុប ដែលតំណាងប្រជាធិបតេយ្យរូបនេះ នឹងត្រូវចំណាយពេលនៅពីក្រោយការឃុំឃាំង។

ការ​កាត់​ទោស​ចុង​ក្រោយ​នេះ​ នាំ​មក​នូវ​ទោស​ជាប់​ពន្ធនាគារ ​សរុប​របស់​ជ័យ​លាភី​ណូបែល​សន្តិភាព​អាយុ ៧៧​ឆ្នាំ កើនឡើងដល់ ២៦​ឆ្នាំ។ លោកស្រីត្រូវបានកាត់ទោសរួចហើយ លើការចោទប្រកាន់ពីបទពុករលួយ ដាច់ដោយឡែក ក៏ដូចជាការញុះញង់ ការក្លែងបន្លំការបោះឆ្នោត ការរំលោភលើបទប្បញ្ញត្តិ នៃមេរោគឆ្លងថ្មី និងការនាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងខុសច្បាប់។

លោកស្រី ស៊ូជី ដែលជានិមិត្តរូបនៃការប្រឆាំង លទ្ធិប្រជាធិបតេយ្យ ចំពោះយោធា ត្រូវបានឃុំខ្លួន និងកាត់ទោសលើការចោទប្រកាន់ជាច្រើន បន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ នៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ។

យោងតាមសេចក្តីសម្រេចកាលពីថ្ងៃពុធ លោកស្រីត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូកជាង ៥៥ម៉ឺនដុល្លារពីអ្នកជំនួញនៅចន្លោះឆ្នាំ២០១៨ និង២០២០។

កាល​ពី​ខែ​មុន លោកស្រីត្រូវ​បាន​កាត់​ទោស​ រួម​ជាមួយ​នឹង​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច ​របស់​លោកស្រី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​ពី​បទ​រំលោភ​ច្បាប់​សម្ងាត់​ផ្លូវការ របស់ប្រទេស។

អ្នកគាំទ្រលោកស្រី ស៊ូជី បានឲ្យដឹងថា ការចោទប្រកាន់មកលើលោកស្រី ដែលលោកស្រីបដិសេធ សុទ្ធតែមានហេតុផលនយោបាយ។  រហូត​មក​ដល់​ពេល​នេះ លោកស្រីត្រូវ​បាន​តុលាការ ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ករណី ១៤ ផ្សេង​គ្នា។

គួរបញ្ជាក់ថា ការកាត់ក្តីរបស់លោកស្រី ត្រូវបានធ្វើឡើងដោយបិទទ្វារនៅតុលាការ ដែលបង្កើតឡើង នៅខាងក្នុងពន្ធនាគារ ក្នុងរដ្ឋធានីណៃពិដោរ ជាកន្លែងដែលលោកស្រីកំពុងត្រូវបានឃុំខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top