ចិន៖ក្រុមហ៊ុន Volkswagen បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ២.៣៥ ពាន់លានដុល្លារ នៅប្រទេសចិន ដែលជាការវិនិយោគដ៏ធំបំផុតរបស់ខ្លួនក្នុងប្រទេសនេះ ដើម្បីរក្សាការប្រកួតប្រជែងក្នុងយុគសម័យ នៃរថយន្តអគ្គិសនីដ៏ឆ្លាតវៃ ហើយការវិនិយោគបានគ្រោងទុកនឹងផ្តោត លើការសហការបង្កើតមុខងារជំនួយការ បើកបរសម្រាប់រថយន្តអគ្គិសនី ជាមួយនឹងការចាប់ផ្តើមអាជីវកម្មយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមរថយន្តបានបន្តថា ខ្លួនកំពុងវិនិយោគ ១ ពាន់លានដុល្លារក្នុងក្រុមហ៊ុន Horizon Robotics នឹងធ្វើឲ្យក្រុមហ៊ុននេះចូលរួម ក្នុងការអភិវឌ្ឍន៍ផលិតផល របស់ក្រុមហ៊ុនចាប់ផ្តើមដំបូង។ ក្រុមហ៊ុន Volkswagen នឹងចំណាយប្រាក់ជាង ១.៣ ពាន់លានអឺរ៉ូដើម្បីសាងសង់បណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន។
លោក Ralf Brandstaetter ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Volkswagen Group China បាននិយាយថា វាជាការវិនិយោគបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តចំពោះអនាគត នៃអាជីវកម្មរបស់យើងនៅទីនេះ។ យើងនៅទីនេះដើម្បីស្នាក់នៅ យើងនៅទីនេះដើម្បីរក្សាភាពរឹងមាំ។
ក្រុមហ៊ុន Horizon មានមូលដ្ឋាននៅទីក្រុងប៉េកាំង គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ កុំព្យូទ័រឈានមុខគេមួយ របស់ប្រទេសសម្រាប់រថយន្តឆ្លាតវៃ ជំនាញផ្នែកទន់ ក្បួនដោះស្រាយ និងការរចនាបន្ទះឈីប។ ដំណោះស្រាយរបស់វា សម្រាប់មុខងារជំនួយការបើកបរ និងមុខងារកាប៊ីនឆ្លាតវៃ ត្រូវបានប្រើប្រាស់ក្នុងម៉ូដែលមួយចំនួន ដោយក្រុមហ៊ុនផលិតរថយន្ត រួមទាំងក្រុមហ៊ុន Li Auto ជាក្រុមហ៊ុនចាប់ផ្តើមក្នុងស្រុកផងដែរ។
Volkswagen បានបន្ថែមថា ប្រតិបត្តិការជាមួយ Horizon ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ផ្នែកដៃផ្នែកទន់របស់ខ្លួន Cariad នឹងកាន់កាប់ភាគហ៊ុន ៦០ ភាគរយក្នុងការបណ្តាក់ទុនរួមគ្នា ដែលនឹងអភិវឌ្ឍដំណោះស្រាយ ជំនួយការបើកបរ និងស្វយ័តសម្រាប់ម៉ូដែលអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសចិន៕ ដោយ៖លី ភីលីព