ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ពង្រីកជួរវាយប្រហារ នៃប្រព័ន្ធការពារ Bavar-373 រហូតដល់ ៣០០គីឡូម៉ែត្រ

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានបង្កើន ជួរប្រតិបត្តិការ នៃប្រព័ន្ធការពារមីស៊ីល ពីដីទៅអាកាស Bavar-373 រហូតដល់ ៣០០គីឡូម៉ែត្រ ។

មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Alireza Sabahi-Fard បានឲ្យដឹង នៅឯសាលាយោធា ក្នុងរដ្ឋធានីតេអេរ៉ង់ ថា ការធ្វើឱ្យប្រសើរឡើង ដល់ប្រព័ន្ធការពារក្នុងស្រុក គឺសមាមាត្រទៅនឹងការគំរាមកំហែង ហើយអ៊ីរ៉ង់ បានសាកល្បងប្រព័ន្ធ នៅជួរវាយប្រហារថ្មីនេះ។

នៅក្នុងខែសីហា ឆ្នាំ២០១៩ អ៊ីរ៉ង់ បានដាក់បង្ហាញប្រព័ន្ធការពារចល័ត ដែលបានរចនា និងផលិតក្នុងស្រុក ដែលមានចម្ងាយប្រតិបត្តិការ ២០០គីឡូម៉ែត្រ ដើម្បីស្ទាក់ចាប់គោលដៅអរិភាព ដែលចូលមកប្រទេសរបស់ខ្លួន ។

មេបញ្ជាការអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយ Tasnim បានលើកឡើងថា “យើងកំពុងឃ្លាំមើលសត្រូវ នៅមូលដ្ឋានរបស់ពួកគេ ។ ជួររ៉ាដារបស់យើង គឺរាប់ពាន់គីឡូម៉ែត្រ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបន្ដថា ប្រព័ន្ធ​កាំជ្រួច​មាន​រ៉ាដា ​ចាប់​សញ្ញា​និង​ការ​ចូលរួម​ចំនួន​ពីរ ​ដែល​អាច​ទប់ទល់​នឹង ​សង្គ្រាម​អេឡិចត្រូនិក និង​គ្រាប់បែក​អេឡិចត្រុង។ លើសពីនេះ រ៉ាដា​មាន​សមត្ថភាព​ ចាប់​កាំជ្រួច​ប្រឆាំង​វិទ្យុសកម្ម ​ដែល​ប្រើ​សម្រាប់​ទប់ទល់​ នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​។

លោកបានបញ្ជាក់ថា ការប្រើប្រាស់កាំជ្រួច ដែលមានរយៈចម្ងាយអតិបរមា ៣០០ គីឡូម៉ែត្រ ប្រព័ន្ធនេះ មានសមត្ថភាពចាប់ និងកំណត់គោលដៅយន្តហោះ របស់សត្រូវហួសពីព្រំដែនអ៊ីរ៉ង់ ចាប់បានរហូតដល់ ៣០០គោលដៅ ក្នុងពេលតែមួយ តាមដាន ៦០គោលដៅ និងវាយប្រហារ ៦ គោលដៅ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top